(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកដែលមកពីពាណិជ្ជកម្មផ្សេងៗរបស់ក្រុមហ៊ុន ចូលរួមសម្អាតទីក្រុងក្នុងទិវាសម្អាតពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គការ Let’s do it! World នៅតំបន់អាស៊ី សហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍។

ទិវាសម្អាតពិភពលោកនេះ ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីអ្នកស្មគ្រ័ចិត្តយ៉ាងច្រើនកុះករនៅតាមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន ក៏បានចែកទឹកបរិសុទ្ធកម្ពុជាជូនដល់អ្នកស្មគ្រ័ចិត្តទាំងអស់ទុកពិសាក្នុងយុទ្ធនាការណ៍សម្អាតបរិស្ថាននេះ ផងដែរ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈក្រុមហ៊ុន ជីប ម៉ុងបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ពិតជា មាន មោទនៈភាពដែលមានចូលរួមក្នុងទិវាសម្អាតពិភពលោកលើកទី២ សម្រាប់ប្រទេសកម្ពុជា។ យើងតែងតែចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន តាមរយៈការឧបត្ថម្ភធុងសម្រាមជូនរដ្ឋបាលខេត្ត និងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងការទុកដាក់ និងគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវ»

បន្ថែមពីលើការចូលរួមរបស់បុគ្គលិកដែលមកពីពាណិជ្ជកម្មផ្សេងៗដើម្បីរើសសម្រាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានត្រៀមរថយន្តសម្អាតផ្លូវចំនួន២គ្រឿង ដើម្បីបោស និងលាងសម្អាតលើផ្លូវថ្នល់តាមទីតាំងនានាក្នុងទីក្រុង ដើម្បីរក្សាអនាម័យ និងធ្វើឲ្យសោភណ្ឌភាពក្នុងទីក្រុងកាន់តែស្រស់ស្អាតផងដែរ៕