(ភ្នំពេញ)៖ លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី២ គណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព កម្មវិធី ប្រកាសសុពលភាពក្រុមការងារចលនាយុវជន ស្រុកខ្សាច់កណ្តាល។

កម្មវិធី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមចលនាយុវជន ស្រុកខ្សាច់កណ្តាល និងមានការចូលរួមពី សមាសភាពយុវជន សរុប៤៥២រូប។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា បច្ចុប្បន្នសមាជិកបក្សប្រជាជន មានចំនួន៦០,២២៨នាក់ ស្រី៣២,៣៩៤នាក់ យុវជនមានអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ចំនួន៤២,៣៥៥នាក់ ស្រី២១,៥៦៥នាក់ ហើយក្នុងនោះ យុវជនជាសមាជិកបក្សប្រជាជន មានចំនួន២៦,២២៧នាក់ ស្រី១៣,៥៩៦នាក់។

ទន្ទឹមនេះដែរ លោក ជូ វិជិត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការអបអរសាទរពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជូនដល់សមាជិកបក្សជាយុវជនទាំងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងកម្មវិធីនៅព្រឹកនេះ។

ជាមួយគ្នានេះដែរ លោក ជូ វិជិត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក របស់អតីតក្រុមការងារចលនាយុវជនគណៈពង្រឹងមូលដ្ឋាន ស្រុកល្វាឯម ក្រោមការដឹកនាំរបស់លោក កៅ ថាច លើការងារពង្រឹង និងពង្រីកកម្លាំងយុវជនគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានស្រុកល្វាឯម ហើយបានជួយដល់យុវជនសកម្មជនគណបក្សប្រជាជននៅមូលដ្ឋាននោះ ឱ្យមានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវ មានសមត្ថភាពការងារ និងឆន្ទៈក្នុងជួយការងារបក្ស ព្រមទាំងពង្រឹងបាននូវសាមគ្គីភាព មិត្តភាពរវាងយុវជនក្នុងឃុំ និងក្នុងស្រុកទាំងមូល។

លោកបន្ដថា តាមរយៈកម្មវិធីផ្សេងៗ មានដូចជារៀបប្រកួតកីឡាដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដែលទទួលបាននូវការចូលរួម និងគាំទ្រពីសំណាក់យុវជន និងមហាជនទូទាំងស្រុក, ការចុះផ្ទាល់ទៅដល់មូលដ្ឋាន តាមឃុំនីមួយៗ ដើម្បីស្តាប់បញ្ហារបស់យុវជន និងជួយរកដំណោៈស្រាយ, បើកកម្មវិធីបណ្តុះបណ្តាល ដល់យុវជនបក្សអំពីប្រវត្តិបក្ស និងគោលនយោបាយរបស់បក្ស និងកម្មវិធីផ្សេងៗ មួយចំនួនទៀតផងដែរ។

លោក ជូ វិជិត្ត បានគូសបញ្ជាក់ថា ទាំងនេះគឺឆ្លុះបញ្ចាំង ពីលទ្ធផលការងារ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរថ្មី ទាំងលើផ្នែកទស្សនៈ និងសកម្មភាព ដែលទាំងនេះ បានបង្ហាញពីការចូលរួម និងការលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួន របស់សមាជិកក្រុមការងារយុវជនទាំងអស់ និងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។

លោក មានសង្ឃឹម និងជឿជាក់ថា លោក កៅ ថាច និងក្រុមការងារ ដែលបានផ្ទេរមកជួយស្រុកខ្សាច់កណ្តាល នាពេលនេះ នឹងបន្តនូវស្មារតី និងឆន្ទៈក្នុងការកសាង ពង្រឹង និងពង្រីកកម្លាំងយុវជនបក្ស នៅមូលដ្ឋាននេះ ឲ្យកាន់តែផុលផុស ដើម្បីទទួលបាននូវការគាំទ្រ កាន់តែច្រើនពីសំណាក់យុវជន មកលើគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ជូ វិជិត្ត បានផ្តល់មតិណែនាំ ចំពោះការអនុវត្តការងារ និងភារកិច្ច ដល់ក្រុមការងារយុវជនថ្មី ប្រចាំស្រុកខ្សាច់កណ្តាល ដែលមានលោក កៅ ថាច ជាប្រធានក្រុម យ៉ាងដូច្នេះថា៖

* ត្រូវធ្វើសកម្មភាពប្រមែប្រមូលយុវជនគ្រប់មជ្ឈដ្ឋាន ហើយអប់រំឲ្យគេមានការភ្ញាក់រព្ញកខ្ពស់ឧត្តមគតិគណបក្ស ទទួលស្គាល់និងគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ដើម្បីជំរុញកសាងបក្ស បញ្ចូលសមាជិកគណបក្សថ្មីចំពោះយុវជនដែលមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះត្រូវយកចិត្តទុកដាក់ជួរសិស្សានុសិស្ស និស្សិត មន្រ្តីរាជការក្នុងក្របខណ្ឌរដ្ឋ។

* ត្រូវបន្តយកចិត្តទុកដាក់រៀបចំ កម្មវិធីចុះផ្ទាល់ដល់ភូមិ ក្រុមយុវជនបក្ស យុវជនសមាជិកបក្សតាមខ្នងផ្ទះ ដើម្បីថែបំប៉ន និងអប់រំនយោបាយ សតិអារម្មណ៍រួមទាំងក្តាប់នូវរាល់ការលំបាក បញ្ហាប្រឈម និងសតិអារម្មណ៍ថ្នាំងថ្នាក់ ដើម្បីមានវិធានការដោះស្រាយ បានទាន់ពេលវេលា ព្រមទាំងខិតខំទប់ស្កាត់រាល់ឧបាយកលញុះញង់ អូសទាញដណ្តើមសម្លេងឆ្នោតរបស់គណបក្សនានា។

* ត្រូវបន្តចុះ និងដាក់ផែនការបន្តបណ្តុះបណ្តាលយុវជន និងរៀបចំវេទិកាសាធារណៈ នៅមូលដ្ឋានឃុំ ឲ្យបានជាប្រចាំ។

* ត្រូវបន្តការងារផ្សព្វផ្សាយ ពីឧបាយកលរបស់ពួកប្រឆាំង ដោយផ្តោតជាសំខាន់ទៅលើការឃោសនា អំពីគម្រោងវិលត្រឡប់ចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្សី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងដឹកនាំ «ការធ្វើបដិវត្តន៍ព័ណ៌ជាថ្មី» ដោយបានអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឲ្យធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សកម្មភាពទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិ ភាពចលាចលវឹកវរ ដែលមិនអាចប៉ាន់ស្មានបាន។

លោក ជូ វិជិត្ត បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះ យើងត្រូវប្រមូលផ្តុំការឃោសនា ផ្សព្វផ្សាយអប់រំដល់យុវជន ក៏ដូចជាប្រជាជនគ្រប់មជ្ឈដ្ឋាន អំពីផលវិបាកនៃការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈ «សកម្មភាពបដិវត្តន៍ព័ណ៌» ដែលជាសកម្មភាពខុសច្បាប់ និងការវិលត្រឡប់មកកម្ពុជា របស់ ទណ្ឌិត សម រង្សី ដើម្បីដឹកនាំសកម្មភាពខុសច្បាប់នេះ។ ផ្សព្វផ្សាយ និងបង្ហាញ ពីទង្វើគួរឱ្យស្អប់ខ្ពើមរបស់ ទណ្ឌិត សម រង្សី ដែលបានពោលពាក្យសំដីអសុរោះ ប្រមាថដល់ព្រះចេស្តារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។ នេះគឺបានសបញ្ជាក់យ៉ាងច្បាស់ ពីមហិច្ឆតាលោភលន់ល្មោភចង់បានអំណាច និងចេតនាញុះញង់ ធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង បង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសជាតិ។

លោកក៏បានផ្តាំផ្ញើ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ រួមសហការគ្នាយ៉ាងជិតស្និទ ជាមួយគណបក្សស្រុក ឃុំ ភូមិ និងមន្ត្រីគណបក្សមូលដ្ឋាន ក្នុងការពង្រឹងនិងពង្រីកសមាជិកបក្ស ជាពិសេស ក្នុងស្រទាប់យុវជន ត្រូវខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបំណិនរបស់ខ្លួន ដើម្បីធ្វើការដោយសុឆន្ទៈមោះមុត សម្រេចឲ្យបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជម្រះឲ្យបាននូវភាព ស្រពិចស្រពិល របស់ប្រជាជនមួយចំនួន ដែលនៅតែមានការយល់ច្រលំ ជឿលើជនអគតិមួយចំនួន ដែលបានញុះញង់ ដើម្បីបង្កអសន្តិសុខ និងអស្ថេរភាពនយោបាយ ក្នុងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិ៕