(មណ្ឌលគិរី)៖ នៅក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើរបស់គណៈកម្មការ ថ្នាក់ជាតិ និងថ្នាក់ខេត្តមណ្ឌលគិរី បានបន្តបេសកកម្ម របស់ខ្លួនចុះស្រាវជ្រាវលើបទល្មើសផ្សេងៗ រួមមាន៖ ព្រៃឈើ និងរ៉ែមាសផងដែរ។ ជាលទ្ធផលសមត្ថកិច្ចចំរុះបានធ្វើការឃាត់ខ្លួនលោក តែ គឹមសាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើសមួយចំនួនដែលខុស ច្បាប់។

សមត្ថកិច្ចចំរុះ បានឃាត់ខ្លួនលោក តែ គឹមសាន មានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងកម្លាំងជំនាញជាច្រើនដឹកនាំដោយ ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ពិតជាមានការ ឃាត់ខ្លួនជនសង្ស័យនេះមែន ដោយសារមន្រ្តីជំនាញចំរុះខេត្ត បានរកឃើញការស្តុកលាក់ទុកឈើជាច្រើនម៉ែត្រគូប ជាវត្ថុតាងនៅក្នុងរោងអាជីវកម្មរ៉ែមាសរបស់គាត់ ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ទទួលបន្ទុកប្រធានគណៈកម្មការបង្រ្កាបធនធានធម្មជាតិខេត្ត បានប្រាប់ផងដែរថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយកម្លាំងជំនាញស្រាវជ្រាវរកឃើញបុគ្គលនេះ មានការស្តុកទុកឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូប។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីនេះទុកឲ្យខាងមន្រ្តីអនុវត្តច្បាប់ចាត់ការឲ្យបានតឹងរ៉ឹងបំផុតរាល់បទល្មើស ឬបុគ្គលណាដែលបានប្រព្រឹត្តផ្ទុយនិងច្បាប់មិនថា អ្នកក្រ ឬអ្នកមានលុយនោះទេ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស មិនមែនអ្នកមានប្រាក់ ឬអាងនេះ អាងនោះនោះ រួចខ្លួននោះទេ ដើម្បីស្របទៅតាមប្រទេសមានច្បាប់គ្រួសារមានវិន័យ។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្រ្តីជំនាញកំពុងបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការបញ្ជូនជនសង្ស័យទៅកាន់អយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត៕