(កណ្តាល)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក កែវ រ៉េមី ប្រធានគណៈអចិន្ត្រៃយ៍ចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង​ លោក​ ស៊ា កុសល ជាអនុប្រធានក្រុមការងារបានសម្របសម្រួលលក្មុងការ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគម (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងឃុំដោយឥតគិតថ្លៃ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកអំបិល និងអាជ្ញាមូលដ្ឋានយ៉ាងច្រើនផងដែរ។

ក្រុមគ្រូពេទ្យបានព្យាបាលនូវជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម (AMH) ដែលដឹកនាំដោយ លោក កែវ រ៉េមី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺដោយសារតែមានការគិតគូរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីឱ្យសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើង ជាពិសេសសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឱ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួម ជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។

ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យព្យាបាលនេះ ហើយសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរបងប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រ៉េមី ទាំងអស់សូមជួប នូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ និងប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តន៍៕