(បាត់ដំបង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជូនគ្រួសារសពជនរងគ្រោះ និងចំនួន៥លានរៀលជូនអ្នករបួស ដោយសារគ្រោះថ្នាក់បាក់ដីភ្នំសង្កត់លើ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

ថវិការបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្ដរាយ នៅថ្ងៃទី២១ ខែញ្ញា ឆ្នាំ២០១៩នេះ ចាត់ឲ្យលោកឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងយោធភូមិភាគទី៥ យកទៅប្រគល់ជូនអ្នករងរបួស នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងក្រុមគ្រួសាររបស់អ្នកស្លាប់នៅគេហដ្ឋានផ្ទាល់តែម្តង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានអកុសលនេះ ថាមានជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស, សម្ដេចបានផ្ដល់នូវថវិកាមួយចំនួន ដើម្បីយកទៅប្រគល់ជូនជនរងគ្រោះដោយអ្នករបួស ៥លានរៀល និងគ្រួសារអ្នកស្លាប់ ១០លានរៀលដូចគ្នា។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ទៀតថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរុករក ជនរងគ្រោះទាំងអស់ដែលបានបាត់ខ្លួន តែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់ ហើយម្នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមជម្រាបថា អាជ្ញាធរខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋម្នាក់ដែលបាត់ខ្លួន ក្នុងករណីដីភ្នំបាក់សង្កត់ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា នៅពេលនេះ បានរកឃើញសាកសពហើយ។ រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលបាត់ខ្លួននេះមានឈ្មោះ ផាន់ រី មានអាយុ២០ឆ្នាំ ត្រូវបានកម្លាំងចម្រុះស្វែងរកឃើញនៅក្នុងទឹកដីថៃ ប៉ុន្តែគួរឲ្យសោកស្តាយបុរសនេះបានស្លាប់ ហើយសពមានសភាពហើមស្អុយរលួយ។

អាជ្ញាធរបានបញ្ជាក់ទៀតថា សពជនរងគ្រោះរូបនេះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិនឹងសម្រេចបូជា នៅទីតាំងដែលកងកម្លាំងបានរកឃើញតែម្តង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើទឹកដីប្រទេសថៃ រួចទើបយកឆ្អឹងមកធ្វើបុណ្យនៅគេហដ្ឋាន ក្នុងភូមិអូត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀង វាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ។ ប៉ុន្តែអ្នកដែលបាត់ខ្លួនម្នាក់ ត្រូវបានរកឃើញនៅមានជីវិត នៅថ្ងៃទី១៩ ខែកញ្ញា និងម្នាក់ទៀតរកឃើញសពនៅថ្ងៃទី២០ ខែកញ្ញា៕