(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានសំណូមពរដល់ថ្នាក់ដឹកនាំតាមស្ថាប័ន, មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ដែលមានចំណេះដឹង និងបទពិសោធន៍ការងារ សូមផ្តល់ និងចែករំលែកឲ្យដល់អ្នកចេះតិច ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធស្របតាមសម័យបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍសង្គមជាតិយើង។

ការសំណូមពរនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការចំណុះសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នៅសាលាខេត្តកំពត។

អភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗឲ្យស្របតាម សម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារច្រើនផងដែរ។

អភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបញ្ចេញអស់សមត្ថភាពជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយ ក៏យើងរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវដោះស្រាយ បញ្ហាប្រឈមទាំងអស់នោះ ពីច្រើនមកតិច និងពីតិចទៅអត់។

អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្រាប់ការជួបជុំគ្នានាថ្ងៃនេះ ដើម្បីជាការតបស្នងចំពោះការខិតខំបំពេញការងារកន្លងមក ក៏ដូចជាដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅក្នុងឆ្នាំនេះ ក្រៅពីបៀវត្សប្រចាំខែ និងប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាល លោកអភិបាលខេត្តក្នុងនាមរដ្ឋបាលខេត្តកំពត សូមផ្ដល់ថវិកាឧបត្ថម្ភបន្ថែម សរុបទាំងអស់ ចំនួន ៧៦.៧០០.០០០រៀល ក្នុងនោះមានដូចខាងក្រោម: ១- លោក លោកស្រីក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្នុងម្នាក់ម្នាក់ដល់ជូនថវិកាចំនួន ៥០ម៉ឺនរៀល។ ២- លោក លោកស្រី ជាមន្ត្រីក្របខណ្ឌសាលាខេត្ត សរុប ១៣១នាក់ ក្នុងម្នាក់ៗទទួលបាន ៤០មុឺនរៀល។ ៣- លោកលោកស្រី ជាមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត សរុបចំនួន ៥៣នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។ និង៤-មន្ត្រីនគរបាលប្រចាំការនៅសាលាខេត្ត សរុបចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ២០មុឺនរៀលផងដែរ៕