(កំពង់ស្ពឺ)៖ ជាការអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយជាផ្សារភ្ជាប់ទៅនឹងវប្បធម៌ចែករំលែករបស់ប្រជាជនខ្មែរ ក្រុមហ៊ុន អេជីឡូតូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងចែកអំណោយសប្បុរសធម៌ ដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា សមាគមន៍ក្ដីសង្ឃឹមនៃជនក្រីក្រ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំព្រៃជុំ ស្រុកយុទ្ធសាមគ្គី ខេត្ដកំពង់ស្ពឺ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រកបដោយសទ្ធាជ្រះថា្ល និងសេចក្ដីសោមន្សរីករាយ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន អេជីឡូតូ បាននាំទេយ្យទានគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្ដព្រៃជុំ ផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា វត្ដព្រៃជុំនេះមិនសូវជាមានពុទ្ធបរិស័ទពីទីក្រុង ឬតំបន់ឆ្ងាយៗបានទៅដល់នោះទេ ដោយសារតែស្ថានភាពផ្លូវ ធ្វើដំណើរមានការលំបាកខ្លាំង ជាពិសេសនៅក្នុងខែវស្សាតែម្ដង។ ដោយទីអារាមនេះ ស្ថិតនៅទីដាច់ស្រយាល និងមិនសូវមានពុទ្ធបរិស័ទ ពីតំបន់ផ្សេងទៅដល់ព្រះសង្ឃ លោកអាចារ្យ និងពុទ្ធបរិស័ទ ចំណុះជើងវត្ដព្រៃជុំទាំងអស់ មានសេចក្ដីត្រេកអរ រីករាយក្រៃលែងពេលមានវត្ដមាន ពុទ្ធបរិស័ទពីក្រុមហ៊ុន អេជីឡូតូ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលំបាក ទៅកាន់ទីអារាមវត្ដព្រៃជុំនេះ។

នៅថ្ងៃដដែលនោះ ក្រុមហ៊ុន អេជីឡូតូ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា «Back To School» នៅមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ ដែលមានកុមារកំព្រាចំនួន៤៥នាក់ ដែលកំពុងតែខ្វះខាតទាំងម្ហូបអាហារ និងសម្ភារសិក្សា ដែលស្ថិតនៅក្នុងភូមិព្រៃជុំ ឃុំព្រៃជុំ ស្រុកយុទ្ធសាមគ្គី ខេត្ដកំពង់ស្ពឺ។ ដោយមើលឃើញពីភាពលំបាករបស់មណ្ឌលកុមារកំព្រានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេជីឡូតូ ក៏បាននាំសម្ភារសិក្សារួមមាន ឯកសណ្ឋានសិស្ស កាតាប សៀវភៅ និងសម្ភារផ្សេងៗជាច្រើនទៀត ទៅជូនដល់កុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រានេះ។

លោក នៅ សារ៉ាត់ ជានាយកមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ បានថ្លែងថា មណ្ឌលរបស់លោកកំពុងជួបការលំបាកខ្លាំង ដោយសារមណ្ឌលទាំងមូល ត្រូវផ្គត់ផ្គង់ដល់កុមារជាច្រើន ដែលរស់នៅក្នុងមណ្ឌលផ្ទាល់រួមមាន៖ អាហារ សំលៀកបំពាក់ សម្ភារសិក្សា ថ្នាំសង្កូវ ព្រមទាំងការថែទាំ។ លើសពីនេះទៅទៀតមណ្ឌល ក៏មានថ្នាក់សិក្សាបន្ថែមដល់សិស្ស នៅក្នុងមណ្ឌល និងកុមារនៅក្នុងសហគមន៍ភូមិព្រៃជុំទាំងមូល ដែលមានចំនួនជាង២០០នាក់ ផ្សេងទៀត។

លោក សារ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន អេជីឡូតូ ព្រមទាំងអំពាវនាវដល់សប្បុជនដទៃទៀត សូមផ្ដល់ជំនួយតាមលទ្ធភាព ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលបន្ដទៅទៀត ក៏ដូចជាជួយដល់កុមារ ដែលរស់នៅក្នុងមណ្ឌលទាំងអស់។ លេខទំនាក់ទំនង លោកនាយកមណ្ឌល៖ ០៩៩ ៩៦៧ ៩៦៧។

ជាមួយគ្នានេះដែរ លោក ប៊ី ពុតថាកែវ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេជីឡូតូ ក៏បានថ្លែងថា ក្រុមហ៊ុន អេជីឡូតូ ជាក្រុមឆ្នោតស្របច្បាប់នៅកម្ពុជា ដែលមានកំពុងមានប្រតិបត្ដិការ លក់ឆ្នោតកោសជាច្រើនប្រភេទជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើន ផ្ដល់ជូនដល់អតិថិជនរបស់ខ្លួន រហូតដល់២៥០លានរៀល។

ក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើង ដើម្បីជួយដល់ប្រជាជនខ្មែរ តាមរយៈការបង្កើតការងារសេដ្ឋកិច្ច និងសកម្មភាពសប្បុរសធម៌ ដើម្បីរួមចំណែកជួយដល់សង្គមកម្ពុជា ហើយក្រុមហ៊ុនបេ្ដជ្ញានឹងបន្ដសកម្មភាពទាំងនេះ ជាបន្ដទៅទៀត។ ក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរ បង្កើតឡើង ដើម្បីប្រជាជនខ្មែរ៕