(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលបានរៀបចំផែនការ និងដាក់ចេញទិសដៅការងាររួចជាស្រេច ស្របតាមការលើកទិសដៅ អង្គការសុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ B និង C ក្នុងពិភពលោក ត្រឹមឆ្នាំ២០៣០។

តាមការដឹងពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រសិនបើទិសដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ B និង C សម្រេចបាននឹងអាចបង្ការមរណភាព ដោយសារជំងឺនេះបាន ៧.១លាននាក់ ក្នុងពិភពលោក។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព វេទិកាពិភាក្សាតុមូល ស្តីពី ជំងឺរលាកថ្លើមប្រភេទ C នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងបាននិងកំពុងរៀបចំបន្ថែម និងដាក់ចេញផែនការយុទ្ធសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺរលាកថ្លើម ដោយសារវីរុស និងបានបង្កើតក្រុមការងារបច្ចេកទេស លុបបំបាត់ជំងឺរលាកថ្លើមដោយសារវីរុស។ ហេតុនេះ លទ្ធផលដែលបានមកពីកិច្ចពិភាក្សា វេទិកាតុមូលនៅថ្ងៃនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់លុបបំបាត់ជំងឺរលាកថ្លើម ដោយសារវីរុស»

អង្គការសុខភាពពិភពលោក បានលើកយកយុទសាស្រ្តគោលចំនួន៣ ជាអនុសាសន៍សម្រាប់ការអនុវត្តរួមមាន៖

១៖ ការងារបង្ការ ការចម្លងត្រូវធ្វើឲ្យបានដល់ក្រុមប្រជាជន ដែលពិបាកទៅដល់។

២៖ វត្តមាននៃឱសថថ្មីៗមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C ផ្តល់ឱកាសសម្រាប់ចាប់ផ្តើមពង្រឹង និងពង្រីកការធ្វើតេស្ត និងព្យាបាល ។

៣៖ គោលដៅចំនួន៥ ដែលត្រូវសម្រេចត្រឹមឆ្នាំ២០៣០ គឺ៖

* ការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B ចំនួនបីលើក ដល់កុមារឲ្យបាន៩០%
* ការការពារការចម្លងពីម្តាយ ទៅកូននៃជំងឺរលាកថ្លើមប្រភេទ B ឲ្យបាន ៩០%
* សុវត្ថិភាពឈាមឲ្យបាន ១០០% និងសុវត្ថិភាពនៃការចាក់ថ្នាំឲ្យបាន ១០០%
* ការផ្តល់ជូនសេរ៉ាំង និងម្ជុល ដែលមានសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់ថ្នាំញៀនដោយចាក់ ឲ្យបាន ៣០០ ក្នុងម្នាក់ៗ ក្នុងមួយឆ្នាំ
* ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B និង C ឲ្យបាន៩០% និងព្យាបាលអ្នកដែលត្រូវការការព្យាបាលឲ្យបាន៨០%

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ចំនុចទាំងនេះ យើងអាចធ្វើបាន ដោយពង្រីកនៅដល់មូលដ្ឋាន។ លើសពីនោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រទេសកម្ពុជាមានសុខសន្តិភាព និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាពិសេស វិស័យសុខាភិបាលត្រូវ បានសម្រេចជោគជ័យសំខាន់ៗជាច្រើន។

ជាក់ស្តែងយើងសម្រេចបាននូវគោលដៅ អភិវឌ្ឍសហស្សវត្ស ក្នុងការកាត់បន្ថយអត្រាមរណមាតា ទារក និងកុមារ ការកាត់បន្ថយការឈឺ និងស្លាប់ ដោយសារជំងឺឆ្លងនានា។ ជោគជ័យទាំងនេះ តែងតែបានការទទួលស្គាល់នៅលើឆាកជាតិ និងអន្តរជាតិ ជាពិសេសមានការទទួលស្គាល់ ពីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។

រដ្ឋមន្ត្រីបញ្ជាក់ថា «គោលដៅសំខាន់របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស ជាពិសេសពលរដ្ឋក្រីក្រ កម្មករ កម្មការិនី ទទួលបានការថែទាំ និងពិនិត្យព្យាបាលពីគ្រូពេទ្យយើងគ្រប់ៗគ្នា ដោយមិនទុក្ខចោលនរណាម្នាក់ឡើយ។ ដូច្នេះយើងទាំងអស់គ្នា នឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលនូវសេវាគ្របដណ្ដប់ សេវាសុខភាពជាសកល ដើម្បីឈានទៅសម្រេចនៅថ្ងៃអនាគត ការអភិវឌ្ឍប្រកបដោយចីរភាព»

Advertising