(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, សភាពាណិជ្ជកម្ម (ក្រុមការងារផ្នែកគយ សហគ្រាសធុនតូច និងមធ្យម), សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម, សមាគមសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូច និងមធ្យម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ សរុបអ្នកចូលរួមជាង១០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើននិងបង្កើតការងារ។

សហគ្រាសធុនតូច និងមធ្យម តែងជួបប្រទះនូវបញ្ហាប្រឈម ក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងបរិបទនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យនេះ ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត៖ ទី១៖គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ទី២៖យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងទី៣៖យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។

គិតចាប់ពីឆ្នាំ២០០១ មកដល់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានដាក់វិធានការ ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម រួមមានការបញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និងការដាក់អាករនាំចេញជាបន្ទុករដ្ឋ លើមុខទំនិញជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារ គ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មក្នុងវិស័យទាំងនេះ។

ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារបន្ថែមទៀត តាមរយៈអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើវិស័យអាទិភាពមួយចំនួន រួមមាន៖ ទី១៖សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត, ទី២៖ផលិតកម្មកសិកម្ម ឬកសិឧស្សាហកម្ម, ទី៣៖ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, ទី៤៖កម្មន្តសាលផលិតទំនិញបម្រើឲ្យការនាំចេញ, ទី៥៖កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញ សម្រាប់វិស័យទេសចរណ៍, ទី៦៖កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត, ទី៧៖ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និងទី៨៖អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។

អង្គសិក្ខាសាលានោះ ក៏មានការចូលរួមធ្វើបទបង្ហាញពី តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងអគ្គនាយកដ្ឋានពន្ធដារ លើខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ជូនអំពីលក្ខខណ្ឌ, ទម្រង់, នីតិវិធី និងយន្តការនៃការផ្តល់ និងការតាមដានត្រួតពិនិត្យ ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

សហគ្រាសធុនតូច និងមធ្យម អាចស្វែងរកព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋារកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់ មកមន្រ្តីទំនាក់ទំនងនៅតាមសាខាគយ និងរដ្ឋាករ ឬសាខាពន្ធដារដែលនៅជិតបំផុត។

ជាចុងបញ្ចប់ លោកបណ្ឌិត គុណ ញឹម បានផ្តាំផ្ញើដល់ម្ចាស់ ឬតំណាងសហគ្រាសធុនតូច និងមធ្យមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងលើកឡើងនូវចម្ងល់ ក៏ដូចជាសំណូមពរមកដល់អគ្គនាយកដ្ឋានទាំងពីរ រួមទាំងភាគីពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការលើកទឹកចិត្តនេះ ប្រព្រឹត្តទៅប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស្របតាមស្ថានភាពជាក់ស្តែងនៅកម្ពុជា៕