(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននិយាយថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម បានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការធ្វើរដ្ឋប្រហារហេីយ។

លោក ជិន ម៉ាលីន បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ជារួម ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ីនេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនានិងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ»។

លោកអះអាងថា ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។ សូមចូលរួមការពារនិងថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប្រកាសវិលចូលប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះនោះ កាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចុះចូលជាមួយលោក។

ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅតែបន្តប្រមាថដល់អង្គព្រះមហាក្សត្រ ជាទៅសក្ការៈដ៏ខ្ពង់ខ្ពស់បន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។

ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕