(តាកែវ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សដែលប្រឡងបាក់ឌុបបាននិទ្ទេស A និង B។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំទាំង០៨, លោក ញ៉េប លី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កេត ម៉ៅ អភិបាលស្រុកសំរោង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ពិធីនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសំរោង។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ហាវណ្ណាល់ បានកោតសរសើរចំពោះក្មួយៗ សិស្សជយលាភី ដែលបានខិតខំរៀនសូត្រ រហូតប្រឡងជាប់ដល់និទ្ទេស A និង B ដែលនេះបាននាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងស្រុកសំរោងផងដែរ។ ទន្ទឹមនឹងទទួលបានលទ្ធផលល្អនេះ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សាបន្ថែមទៀត នៅសាកលវិទ្យាល័យ ដើម្បីឲ្យខ្លួនឯងមានចំណេះដឹងកាន់តែខ្លាំង ដែលអាចនាំឲ្យយើងជោគជ័យក្នុងឆាកជីវិត និងក្លាយជាធនធានមនុស្ស ដ៏ល្អសម្រាប់សង្គមជាតិ។

រដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ ក៏បានផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត រួមមាន៖ ចំពោះសិស្សជយលាភីដែលជាប់និទ្ទេស A ទាំង៨នាក់ ក្នុងម្នាក់ៗ ម៉ូតូ១គ្រឿង និងមួកសុវត្ថិភាពម្នាក់មួយ, សិស្សជាប់និទ្ទេស B ២៨នាក់ ផ្តល់ជូនក្នុងម្នាក់ៗ១០០ដុល្លារ, លោកនាយក នាយករង នាយិកា នាយិការង និងអ្នកគ្រូ លោកគ្រូ ២៧នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន១០០៕