(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមជាមួយរដ្ឋបាល និងប្រជាពលរដ្ឋឃុំស្វាយរំពារ និងភារីមានជ័យនៃស្រុកបរសេដ្ឋ កាន់បិណ្ឌទី៦ នៅវត្តស្លាបលែង និងវត្តធម្មមង្គល នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបច្ច័យកសាងក្នុងវត្តរួចមក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងមកកាន់បិណ្ឌ ធ្វើបុណ្យរួមគ្នា ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងប្រពៃណីជាតិយើងឱ្យកាន់តែប្រសើរថែមទៀត។ យើងសព្វថ្ងៃមានការរីកចម្រើនដូចឃើញមានសមិទ្ធផលនានា កសាងជាច្រើននៅក្នុងវត្ត។ យើងធ្វើបុណ្យជាមួយគ្នា ចូលរួមសាង កុសលជាមួយគ្នា និងប្រជាពលរដ្ឋចេះស្រឡាញ់គ្នា។ រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំឱ្យរួបរួមគ្នាឈាន ទៅសម្រេចគោលដៅក្នុងការរក្សាសន្តិភាព និងបន្តការអភិវឌ្ឍ។ សូមជឿទុកចិត្តថាយើងមិនក្រទៀតទេ យើងមានធនធានហើយ។ យើងសព្វថ្ងៃមានទ្រព្យ និងថវិកាបម្រុងសម្រាប់ធានា ដំណើរការ៦ខែទៅមុខដោយមិនមានបញ្ហា។ អ្វីដែលយើងកំពុងធ្វើ គឺយើងចង់បន្តអ្វីជាលក្ខណៈខ្មែរ។ ប៉ុន្តែ មានអ្នកនយោបាយខ្លះមិនទទួល ស្គាល់ការរីកចម្រើននោះទេ គេរារាំងវិនិយោគិនមិនឱ្យមករកស៊ី បញ្ចុះបញ្ចូលម្ចាស់ជំនួយ កុំឱ្យផ្តល់ជំនួយ ហើយថាខ្លួនឯងស្នេហាជាតិ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលខិតខំទាក់ទាញវិនិយោគិនមកបើករោងចក្រ និងរកទីផ្សារឱ្យប្រជាជនធ្វើការ។ វិនិយោគិនមកវិនិយោគទើបកូនចៅយើងមានការងារធ្វើ។ កត្តាសំខាន់យើងមានការងារធ្វើទើបរីកចម្រើន។ នៅ បរសេដ្ឋយើងមានប្រាក់រាប់លានដុល្លារ ចូលជារៀងរាល់ខែ ដែលបានមកពីប្រាក់ខែកម្មករ។ យើងមកកាន់បិណ្ឌទី៦នេះគឺ ចូលរួមរក្សាប្រពៃណីវប្បធម៌ ឱ្យថ្កុំថ្កើនរុងរឿង។ យើងធ្វើបុណ្យរួមគ្នា គឺរួមបុណ្យ និងរួមកុសល ហើយក្រុមការងារចុះជួយមូលដ្ឋាន នឹងបន្តកិច្ចការនេះរហូត។ ទិសដៅរបស់យើងលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្រឡាញ់វប្បធម៌។ នៅទីបញ្ចប់លោកទេសរដ្ឋមន្ត្រី បានផ្តាំឱ្យពង្រឹងស្មារតីសាមគ្គីភាពជាតិ ឱ្យរឹតតែរឹងមាំថែមទៀត៕