(សៀមរាប)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដឹកនាំដោយលោកព្រៅ ខេមរិទ្ធ ប្រធានសាខា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យទំនិញវេចខ្ចប់ និងផលិតផលម្ហូបអាហារ មួយចំនួន នៅផ្សារទំនើបចំនួនពីរគឺ ផ្សារ ឡាក់គីម៉ល និង ផ្សារ ថៃ ហួត ដែលមានទីតាំងនៅភូមិ មណ្ឌល2 សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការសហការល្អ ជាមួយតំណាងម្ចាស់ផ្សារទាំងពីរ ទីតាំងខាងលើ ក្រុមការងារកាំកុងត្រូល បានធ្វើការត្រួតពិនិត្យទំនិញមានដូចជា៖ ត្រី បន្លែ សាច់ ការ៉េម (អំពីសីតុណ្ហភាព, ការក្សារទុក, និងរបៀបវេចខ្ចប់) ភេសជ្ជៈ នំកញ្ចប់/កំប៉ុង គ្រឿងឧបភោគបរិភោគផ្សេងៗ( អំពីរយះពេលបរិច្ឆេទប្រើប្រាស់ ប៉ោងច្រេសស៊ី កំពិតជាដើម)។

លោកប្រធានសាខាបានបន្តថា ជាលទ្ធផលចំពោះផ្សារទាំងពីរខាងលើនេះ យើងពុំបានរកឃើញទំនិញណាមួយខុសភាពប្រក្រតីឡើយ ទាំងសីតុណ្ហភាព និងកាលរយះពេលប្រើប្រាស់ របស់ផលិតផល។

លោកប្រធានសាខា ក៏បានណែនាំពីរបៀបដាក់តាំងលក់ផលិតផល កាលពិនិត្យមើលថ្ងៃផលិត ផុតកំណត់ ជៀសវាងកត្តាហេតុមួយចំនួន កើតឡើង ចំពោះសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕