(រតនគិរី)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានដឹកនាំក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី៧ នៅវត្តធម្មសេដ្ឋីរារាម ហៅវត្តអូរជុំ ស្ថិតក្នុងឃុំអូរជុំ ស្រុកអូរជុំ។

ឆ្លៀតក្នុងឱកាសពិធីកាន់បិណ្ឌនេះ ទេសរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងបានជម្រាបជូនប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ត្រូវជួយដោះស្រាយបញ្ហាដីធ្លី និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៕