(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានបន្ថែមយន្តហោះម៉ាក Airbus A320 ថ្មីមួយគ្រឿងបន្ថែមទៀតហើយ បន្ថែមលើ យន្ដហោះប្រភេទនេះដែលមានចំនួន០៣គ្រឿងរួចហើយ ដោយយន្តថ្មីមួយគ្រឿងនេះបានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានសាកល្បងហោះហើរ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airbus Group SE នៅប្រទេសបារាំងដែលមានលេខចុះបញ្ជី XU-761 រួចមក។

ក្នុងពិធីស្វាគមន៍ទទួលយន្តហោះថ្មីមួយនេះ ក៏មានការចូលរួមពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកពាក់ព័ន្ធនៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ មន្រ្តីអាជ្ញាធររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យន្តហោះម៉ាក Airbus A320 ថ្មីមួយគ្រឿងនេះ មានស្លាកសញ្ញាប្រាសាទអង្គរវត្តដែលមានតែមួយ ជាមួយកន្ទុយដែលមានពពកពណ៌ស របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ។

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ មុនពេលការមកដល់នៃយន្តហោះថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បាននឹងកំពុងប្រតិបត្តិការជាមួយយន្តហោះ Airbus A319 ចំនួន០៣គ្រឿង ដែលបម្រើសំរាប់គោលដៅក្នុងស្រុករបស់ប្រទេសកម្ពុជា និងអន្តរជាតិជាច្រើនរួមមាន ៖ ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប ម៉ាកាវ បាងកក និងហ្វូចូវ។ ល។ បច្ចុប្បន្នចំនួនយន្ដហោះត្រូវបានពង្រីកដល់ចំនួន០៤គ្រឿងហើយ ជាមួយនឹងការបន្ថែមនូវយន្ដហោះ Airbus A320ថ្មីនេះ ដែលអាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ជួយសម្រួលដល់វិស័យទេសចរណ៍ និងឱកាសពាណិជ្ជកម្មពិភពលោក នាពេលអនាគតកាន់តែខ្លាំងទ្បើងឥតឈប់ឈរ។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការនាំចូលយន្ដហោះជាបន្តបន្ទាប់បន្ថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញផ្លូវ តភ្ជាប់ទូលំទូលាយ ដែលយករាជធានីភ្នំពេញជាមជ្ឈមណ្ឌលកណ្តាលរបស់ខ្លួន ដោយគ្របដណ្ដប់ទាំងប្រទេសចិន និងអាស៊ាន ដើម្បីភ្ជាប់ទៅអាស៊ីឥសាន អឺរ៉ុប ក៏ដូចជាអាមេរិកខាងជើង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាពលរដ្ឋកម្ពុជា និងប្រទេសដទៃទៀត ក៏ដូចជាការស្ថាបនាសម្ព័ន្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកផងដែរ៕