(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនមនុស្សចំនួន១៧នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកជើងព្រៃ, ស្រុកបាធាយ និងស្រុកស្ទឹងត្រង់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានរដ្ឋបាលចំហរ និងវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ ចំនួន១៧នាក់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន១៧កញ្ចប់, ទូរស័ព្ទចំនួន០៥គ្រឿង, ម៉ូតូ០៧គ្រឿង, ជញ្ជីងអេឡិចត្រូនិច០១, ដាវចំនួន០១ដើម និងឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕