(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូ នៃមជ្ឈមណ្ឌលសម្រប សម្រួលសុវត្ថិភាព ទន្លេមេគង្គ (Safe Mekong Coordination Centre) ដែលមានមន្ត្រីសម្របសម្រួលប្រចាំការមកពីបណ្តាប្រទេសសមាជិក SMCC ទាំង៦ រួមមាន៖ កម្ពុជា ថៃ ឡាវ ចិន វៀតណាម និងមីយ៉ាន់ម៉ា ចុះបំពេញការងារនៅខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឲ្យដឹងថា «បេសកកម្មរបស់យើងនាពេលនេះ ទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក អ៊ុ រាត្រី អភិបាល និងជាប្រធានគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងទទួលបានការលើកយកមកបង្ហាញពីសកម្មភាពការងារ និងតួនាទីភារកិច្ចរបស់ខេត្តបន្ទាយមានជ័យ ជូនដល់គណៈប្រតិភូដូចខាងក្រោម៖

*ទី១៖ ស្ថានភាពភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
*ទី២៖ កិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ព្រំដែនរបស់ថៃ ក្នុងការងារត្រួតពិនិត្យគ្រឿងញៀន ដោយប្រើយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO
*ទី៣៖ ការរៀបចំការបង្កើតគម្រោងភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀននៅតាមព្រំដែន ក្រោមគម្រោងគាំទ្រដោយភាគីថៃ
*ទី៤៖ ការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ក្នុងឱកាសនៃជំនួបនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងជម្រាបជូនថ្នាក់ដឹកនាំខេត្តពី៖

*ទី១៖ សារបាននៃគម្រោង SMCC
*ទី២៖ បេសកកម្ម និងគោលបំណងនៃគម្រោងSMCC
*ទី៣៖ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារមកកាន់ខេត្តបន្ទាយមានជ័យ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
*ទី៤៖ សំណូមពរដល់អភិបាលខេត្ត មេត្តាជួយជម្រុញ និងពង្រឹងការងារត្រួតពិនិត្យការចរាចរខុសច្បាប់នូវគ្រឿងញៀន សារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន និងស្នើសុំឲ្យមានការលើកកម្ពស់ និងពង្រឹងដល់យន្តការ BLO ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត។

បន្ទាប់មកប្រតិភូ SMCC បានធ្វើទស្សនកិច្ចសិក្សានៅការិយាល័យនគរបាលអន្តោប្រវេសន៍ និងការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា និងនគរបាលអន្តោប្រវេសន៍ និងការិយាល័យគយ និងរដ្ឋាករថៃ។

ក្នុងដំណើរទស្សនកិច្ចនោះ ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ពីគោលបំណងដូចខាងក្រោម៖

*ទី១៖ ស្វែងយល់អំពីសកម្មភាពការងារ និងតួនាទីភារកិច្ចរបស់អង្គភាពនគរបាលអន្តោប្រវេសន៍ គយប្រចាំច្រកទ្វារព្រំដែនទាំងកម្ពុជា និងថៃ
*ទី២៖ ជម្រុញ និងពង្រឹងយន្តការត្រួតពិនិត្យការចរាចរខុសច្បាប់នូវគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន
*ទី៣៖ លើកកម្ពស់ និងជម្រុញកិច្ចសហប្រតិបត្តិការល្អរបស់មន្រ្តីអនុវត្តច្បាប់នៅតំបន់ព្រំដែន ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីថៃ
*ទី៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ៕