(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះចំនួន ១១គ្រួសារ ដោយគ្រោះអគ្គិភ័យឆេះផ្ទះអស់១១ខ្នង ស្ថិតនៅផ្សារដា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា បានពាំនាំប្រសាសន៍បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនោះ ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខ លំបាកជនរងគ្រោះជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

ប្រជាពលរដ្ឋទាំង១១គ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ៥០គ្រក, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ម៉ាម៉ា ១កេះ, ប្រេងឆារ ១ដប, សំពត់តង់ ១ផ្ទាំង, ថវិកា៤០ម៉ឺនរៀល ព្រមទាំង ឃីត១កញ្ចប់ មានមុងភួយកន្ទេល កាធុន និងឆ្នាំងបាយឆ្នាំងសម្លរផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអាធ្រាត្រ មានករណី អគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ១០ខ្នង នៅផ្សារដារ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់។

សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន៖

១៖ ឈ្មោះ ជា ចន្ធូ ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខ្លះ)
២៖ ឈ្មោះ ហ៊ួត អេង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៣៖ ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៤៖ ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៥៖ ឈ្មោះ អ៊ឹង ឆាយ ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៦៖ ឈ្មោះ លាង សុង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៧៖ ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៨៖ ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៩៖ ឈ្មោះ គ្រួច សំកេន ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ)
១០៖ ឈ្មោះ ឈិន ឈឿង ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ)
១១៖ ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាងក្រោយ (ឆេះខ្លះ)

ករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក៦គ្រឿង និងស្នងការខេត្ត២គ្រឿង ព្រមទាំងក្រុមហ៊ុនចំការកៅស៊ូមេមត់ បានជួយពន្លត់ ដោយប្រើប្រាសទឹកសរុបអស់៣៥រថយន្ត មកដល់ពេលម៉ោង៤៖៣០នាទីទៀបភ្លឺទើប អាចគ្រប់គ្រងបានស្ទើរ១០០%។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានដឹកនាំបញ្ជាឲ្យទុកឡានទឹក៣គ្រឿង ប្រចាំការមួយរយៈទៀត ដើម្បីត្រៀមពិនិត្យក្រែងមានបញ្ហាសេសសល់។

លោកឧត្តមសេនីយ៍ស្នងការខេត្តត្បូងឃ្មុំបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយហេតុការណ៍នេះមិនបានប៉ះពាល់អាយុជីវិតមនុស្សសត្វនោះទេ៕