(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួកខ្លួន គឺជាអ្នកដើរតួបម្រើផល ប្រយោជន៍នយោបាយរបស់សហរដ្ឋអាមេរិកបន្តពីឪពុកខ្លួន សម សារី, លោក លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សេរីមតៈជាដើម។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកសាស្ត្រាចារ្យ បានអញ្ជើញបកស្រាយតាមផ្លូវច្បាប់ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោកសាស្ត្រាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរឿងនេះ បើយោងទៅលើអ្វីដែលជាព្រឹត្តិការណ៍ដែលថ្មី នៅក្នុងរឿងលោក រង្ស៊ី ដែលបានប្រកាសគ្រប់បែបយ៉ាង ពីដើមដល់ចប់នេះ លោក រង្ស៊ី គ្រាន់តែជាតួអង្គថ្មីមួយ នៅក្នុងនយោបាយ ទំនាក់ទំនងអន្តរជាតិ ជាពិសេសនៅក្នុងការគ្រប់គ្រងពិភពលោក របស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ»

អ្នកប្រវត្តិសាស្ត្រជើងចាស់រូបនេះ បានរំលឹកឡើងថា កម្ពុជា បានឆ្លងកាត់សម័យកាលជាច្រើន ព្រមទាំងបានឆ្លងកាត់របបមួយទៅរបបមួយ និងរឿងជាច្រើន ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រ ការវិវត្តន៍ទាំងអស់នេះ គឺគ្រាន់តែដូរនូវអ្វីដែលជាកាលបរិច្ឆេទ សម័យកាល និងសាច់រឿងដដែល ប៉ុន្តែគ្រាន់ដូរមនុស្សថ្មីជាអ្នកដើរតួតែប៉ុណ្ណោះ ហើយអ្វីដែលជានយោបាយនៅក្នុងពិភពលោក ទំនាក់ទំនងអន្តរជាតិ ពិភពលោកនៅតែដដែល ដូច្នេះ រឿងទាំងនេះវាបានកើតឡើងរហូតដល់បច្ចុប្បន្ននេះ។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពីដើមយើងឃើញថា អ្នកដែលដើរតួជាអ្នកបម្រើនយោបាយ របស់សហរដ្ឋអាមេរិក យើងឃើញមានពួកខ្មែរឥស្សរៈ ខ្មែរសេរី រហូតមាន សម សេរី ដែលជាឪពុក របស់លោក សម រង្ស៊ី បន្ទាប់មកទៀត មានលោក លន់ ណល់ ទ្រង់ស៊ីសុវត្ថិ សេរីមតៈ ហើយរហូតមកយើងឃើញថាក្រុមមួយក្រុមហ្នឹងដែលដឹកនាំដោយរង្ស៊ី ជាអ្នកដើរតួនូវអ្វីដែលជានយោបាយ របស់សហរដ្ឋអាមេរិក នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ដែរ»

អ្វីដែលរង្ស៊ី បានប្រកាស អ្វីដែល រង្ស៊ី បានថ្លែងជារៀងរាល់ថ្ងៃ អ្វីដែលថ្លែងទាំងអស់នេះ ហើយជាពិសេសនៅពេលចុងក្រោយនេះ គឺជាការមួយដែលប្រឆាំងជាមួយប្រជាពលរដ្ឋខ្មែរ ប្រឆាំងរបបរាជានិយម បានសេចក្តីថា ទណ្ឌិត សម រង្ស៊ី ក្បត់ជាតិរូបនេះ បានទាត់ចោលច្បាប់ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានបោះឆ្នោតទទួលស្គាល់ ព្រមទាំងបណ្តាប្រទេសនានា នៅលើពិភពលោកបានទទួលស្គាល់ផងដែរនោះ។

ពីព្រោះការដែលវាយប្រហារ មកលើព្រះមហាក្សត្រ គឺជាការប្រមាថមកលើប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះ អ្វីដែលទណ្ឌិត សម រង្ស៊ី អត់ទទួលស្គាល់ នូវអ្វីដែលជាច្បាប់ ដូចជារដ្ឋធម្មនុញ្ញនៃកម្ពុជាទេ មិនតែប៉ុណ្ណោះ ទណ្ឌិត សម រង្ស៊ី បានស្រែកប្រកូកប្រកាស ដើម្បីឱ្យកងទ័ពរត់ចោលជួរដើរតាមខ្លួន ដោយប្រើប្រាស់ថវិកា ដើម្បីវាយប្រហារទឹកដីកម្ពុជា។

ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យ បានចោទជាសំណួរថា តើទណ្ឌិត សម រង្ស៊ី បានលុយមកពីណា ដើម្បីបង្កបង្កើតទ័ពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសមកវាយប្រហារមកលើទឹកដីកម្ពុជា ដែលកំពុងតែទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយត្រង់ចំណុចនេះ គឺអាចចាត់ទុកថាជាសកម្មភាពភេរវកម្ម ជាសកម្មភាពមួយចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា និងជាសកម្មភាពមួយដែលបំផ្លាញ នូវការរីកចម្រើនរបស់កម្ពុជា ដែលកំពុងតែវិវត្តន៍ឥតឈប់ទាំង ដែលមានការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ៕