(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ប្រើវិធានការក្ដៅ ក្នុងការក្រើនរំលឹកជាថ្មីម្ដងទៀតជូនលោក នួន សុន ក៏ដូចជា អាជីវករដ៏ទៃទៀត ដែលជួលដីពីកំពង់ផែស្វយ័តភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ត្រូវរុះរើសំណង់ និងសម្ភារចេញជាបន្ទាន់ រយៈពេល៥ថ្ងៃ ពោលគឺត្រឹមថ្ងៃទី២៤ ខាងមុខនេះប៉ុណ្ណោះ បន្ទាប់ពីអាជីវករមួយចំនួនផ្ដិតមេដៃឯកភាពលើកំណត់ហេតុរួចរាល់ដើម្បីរុះរើដោយខ្លួនឯង ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ។

តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ គឺលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌរូបនេះ បានគូសបញ្ជាក់ថា នៅក្នុងកិច្ចសហការល្អពីអាជ្ញាធរភូមិ-សង្កាត់ និងការិយាល័យជុំនាញពាក់ព័ន្ធ ជាមួយកម្លាំងសមត្ថកិច្ចមួយចំនួន ក្នុងការចុះអនុវត្តធ្វើកំណត់ហេតុក្រើនរំលឹក បើក្នុងករណីលោក នួន សុន និងអាជីវករដទៃទៀត ដែលបានជួលដីពីកំពង់ផែស្វយ័តភ្នំពេញ មិនអនុវត្តតាមសេចក្ដីណែនាំ ដើម្បីរុះរើដោយខ្លួនឯង នោះគណៈកម្មការចម្រុះនៃរដ្ឋបាលខណ្ឌ និងចាត់វិធានតាមបែបបទរដ្ឋបាល ក្នុងចុះរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឫបាត់បង់សម្ភារអ្វីឡើយ។

យ៉ាងណាក៍ដោយ លោកស្រី នាង ណាំ និងលោក ឡុង អ៉ី ម្ចាស់អាជីវកម្មជួសជុលរាល់អេស្កា ឡានបែនគ្រប់ប្រភេទ ដែលជាអាជីវករ ក្នុងចំណោមអាជីវករមួយចំនួនទៀត បានស្នើសុំពន្យឿពេលដល់ទៅ១ខែកន្លះ ដើម្បីរុះរើដោយខ្លួនឯងចេញពីដីជួល នៃទីតាំងកំពង់ផែស្វយ័តភ្នំពេញ ពីអាជ្ញាធរមានសមត្ថកិច្ច ដោយសារមូលហេតុសម្ភារផ្សេងៗ និងគ្រឿងម៉ាស៉ីធ្ងន់ៗច្រើន មិនអាចប្រើរយៈពេលខ្លី ក្នុងការរុះរើបាន។

ការស្នើសុំរបស់ម្ចាស់អាជីវកម្មជួសជុលរាល់អេស្កា ឡានបែនគ្រប់ប្រភេទ ដែលជាអាជីវករជួលដីទីតាំងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីរុះរើសំណង់ និងសម្ភារផ្សេងៗចេញដោយខ្លួនឯង ក្នុងរយៈពេល១ខែកន្លះនេះ ទទួលបានការឆ្លើយតបភ្លាមៗ ពីលោក ប្រាជ្ញ សីហា ដែលជាអ្នកដឹកនាំផ្ទាល់ ដោយដាច់ខាតមិនញាត្តឲ្យឡើយ ក្នុងរយៈពេល១ខែកន្លះ ព្រោះឱសានវាទត្រឹម៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីម្ចាស់សំណង់ សម្ភារធ្វើការរុះរើដោយខ្លួនឯងជាបណ្ដើរៗ បន្ទាប់ពីផ្ដិតមេដៃឯកភាពលើកំណត់ហេតុ ចាប់ពីពេលនេះតទៅ នោះប្រហែលជាអាចពន្យឿបាន តែមិនបានវែងនោះឡើយ។

សូមជម្រាបថា រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្ត ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗ ចេញពីទីតាំងដីច្រាំងទន្លេសាប ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នេះបើតាមលិខិតផ្លូវការមួយរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជម្រាបជូន លោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបណ្ដាព័ត៌មាន Fresh News ទទួលបានកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងលិខិតបញ្ជាក់ថា ការតម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្ត ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងដីចំណីច្រាំងទន្លេសាបនេះ បានធ្វើឡើងយោងលិខិតលេខ ៣០០ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ របស់រដ្ឋបាលខណ្ឌឫស្សីកែវ, ដីកាសម្រេចរក្សាការពារលេខ ០១ ឃ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ, កម្មវត្ថុ ស្ដីពីការតម្រូវឲ្យអនុវត្តបញ្ចប់កិច្ចសន្យាជួលដីក្នុងបរិវេណផែក្នុងស្រុករបស់លោក នួន សុន ជាមួយកំពង់ផែស្វយ័តភ្នំពេញ។

លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់វិធានការបើលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) មិនអនុវត្តតាមការណែនាំខាងលើ គឺដើម្បីចុះរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ប្រយោជន៍អ្វីឡើយ ក្នុងករណីរឹងរូស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងលិខិតរបស់លោក ជា ពិសី អះអាងថា ទីតាំងឃ្លាំងស្តុកទំនិញរបស់លោក នួន សុន ដែលបានជួលពីកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកំពង់ផែស្វយ័តភ្នំពេញ បញ្ចប់កិច្ចសន្យាជួលជាមួយ លោក ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០។

អំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ កំពង់ផែស្វយ័តភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងលោក នួន សុន ជាច្រើនលើកច្រើនសារ ដោយតម្រូវឲ្យលោក អនុវត្តបញ្ចប់កិច្ចសន្យា និងបញ្ឈប់សកម្មភាពសាងសង់សំណង់គ្រប់រូបភាព ហើយរុះរើនូវឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ រហូតមានវិធានការផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញ តាមរយៈដីកាសម្រេចរក្សាការពារលេខ ០១ ឃ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ លោកមិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបានសាងសង់សំណង់ថ្មីៗ និងជួលដីនេះបន្តឲ្យទៅតតីយជន ដោយឯកតោភាគីថែមទៀត៕