មេធាវី លោក កឹម សុខា ប្រាប់វិទ្យុអាស៊ីសេរី កុំឱ្យបន្ថែមល្បោយ (Video inside)
19-09-2019 12:10
(ភ្នំពេញ)៖ មេធាវីរបស់ លោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានប្រាប់វិទ្យុអាស៊ីសេរី ដែលគ្មានវិជ្ជាជីវៈ កុំឱ្យបន្ថែមល្បោយតទៅទៀត ដោយអះអាងថា សម្តីលោកស្រីមិនមែននំបញ្ចុក ដែលត្រូវបន្ថែមល្បោយនោះទេ។
លោកស្រី ម៉េង សុភារី បានបញ្ជាក់នៅលើ Facebook របស់លោកស្រីយ៉ាងដូច្នេះថា៖ «អាសុីសេរី ចូលចិត្តថែមល្បោយ ខ្ញុំឆ្លើយតបការសម្ភាសន៍ត្រឹមប៉ុណ្ណេះទេ (ត្រឹមមានសម្លេង) តែគាត់ថែមល្បោយលើបទសម្ភាសន៍ទាំងមុន និងក្រោយទៀត។ ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ»។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វិទ្យុអាស៊ីសេរីរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីរបស់លោកស្រីម៉េង សុភារី ហើយផ្សព្វផ្សាយថា មេធាវីរបស់ លោក កឹម សុខា គ្រោងស្នើសុំតុលាការដើម្បីឱ្យលោក កឹម សុខា អាចទៅធ្វើបុណ្យនៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ប៉ុន្តែសម្តីពិតរបស់ លោកស្រី បានប្រាប់អាស៊ីសេរីថា លោកស្រី មិនទាន់បានពិគ្រោះគ្នាថាយ៉ាងណានៅឡើយទេ ដោយសារតែពុំទាន់បានជួប លោក កឹម សុខា ហើយលោកស្រីគិតថា ពុទ្ធសាសនិកទាំងអស់ តែចង់ទៅវត្ត នៅក្នុងឱកាសបុណ្យនេះ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់បានទៅ សួរសុខទុក្ខគាត់ផង ដូច្នេះអត់បានទទួលព័ត៌មានអ្វីពីគាត់ទេ ប៉ុន្តែការសន្និដ្ឋានរបស់ខ្ញុំ ធម្មតាទេ យើងអ្នកកាន់ព្រះពុទ្ធសាសនា កាលណាមានពិធីបុណ្យសាសនា ពិធីបុណ្យជាតិអ៊ីចឹង គឺតែងតែចង់ទៅចូលរួមនៅក្នុងកម្មវិធីហ្នឹងហើយ។ ជាពិសេសហ្នឹងបុណ្យភ្ជុំបិណ្ឌនេះទៀតសោត គឺជាបុណ្យដែលឧទ្ទិសដល់ញាតិសន្ដាន សាច់ញាតិដែលបានចែកឋានទៅ។ ធម្មតាទេ សាច់ញាតិកូនចៅ ដែលនៅរស់ហ្នឹង គឺតែងតែចង់វត្ត ទៅវ៉ា ឧទ្ទិសកុសលជូនញាតិសន្ដានរបស់ខ្លួនដែរ។ មិនថារូបគាត់ ឬក៏អ្នកណា អ្នកណាដែលកាន់សាសនាព្រះពុទ្ធ។ ពូកខ្ញុំមិនទាន់បានជជែកគ្នាពីរឿងហ្នឹងថា ត្រូវសុំឬមួយអត់។ ចាំមើលពួកខ្ញុំជជែកគ្នាសិនណា»។
នេះមិនមែនជាលើកទី១ទេ ដែលវិទ្យុអាស៊ីសេរីដែលខ្វះវិជ្ជាជីវៈសារព័ត៌មាន និយាយបំផ្លើស ដើម្បីបម្រើផលប្រយោជន៍នយោបាយ៕