(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកថវិកាគោលនយោបាយជាតិក្នុងឆ្នាំ២០១៩ ប្រគល់ជូនមន្រ្តី នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៥៩នាក់។ ថវិកាដែលត្រូវប្រគល់ជូននៅពេលនេះ សរុប ៧៤៤.៦៥៧.៣៣០រៀល ជិត២០ម៉ឺនដុល្លារ។

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពត បានបញ្ជាក់ជូនថា ថវិកាទាំងនេះត្រូវបានប្រគល់ជូនដល់មន្រ្តីរួមមាន៖

*ទី១៖ មន្ត្រីចូលនិវត្តន៍ ចំនួន ២៧នាក់ សរុបទឹកប្រាក់ ១៧៩.៩២៥.៣៦០រៀល ក្នុងម្នាក់ៗទទួលបានប្រាក់គោលនយោបាយចាប់ពី ៥,៤១៨,៧២០រៀល ដល់ ៧.៨៥៥.៤៤០រៀល ទៅតាមឋានន្តរស័ក្តិ
*ទី២៖ មន្ត្រីនគរបាលពិការ ចំនួន១៨នាក់ សរុបទឹកប្រាក់ ៣៥៨.៩១៣.៥២០រៀល ក្នុងម្នាក់ៗទទួលបានប្រាក់គោលនយោបាយ ចាប់ពី១៧.៥៨៥.២៨០រៀល ដល់ ២៤.៤៨៦.៤៨០រៀល ទៅតាមឋានន្តរស័ក្តិ និងប្រភេទពិការ
*ទី៣៖ មន្ត្រីនគរបាលមរណៈចំនួន ១៤នាក់ សរុបចំនួន ២០៥.៨១៨.៤៥០រៀល ក្នុងម្នាក់ៗទទួលបានប្រាក់គោលនយោបាយ ចាប់ពី១០.៨៣0.000រៀល ដល់ ១៨.៦៥៦.៦៧០រៀល ទៅតាមឋានន្តរស័ក្តិ។

បើតាមលោកស្នងការ ក្នុងនោះប្រាក់ឧបត្ថម្ភមានចំនួន ពីរផ្នែករួមមាន៖

*ទី១៖ ប្រាក់សម្រាប់បូជាសព ចំនួន ១៤នាក់ សរុបចំនួន ៧៥.៨២៧.៨៥០រៀល ក្នុងម្នាក់ៗទទួលបានប្រាក់គោលនយោបាយ ចាប់ពី ៣.៩៩០.០០០រៀល ដល់ ៦.៨៧៣.៥១០រៀល ទៅតាមឋានន្តរស័ក្តិ
*ទី២៖ ប្រាក់ឧបត្ថម្ភមួយលើកដំបូង ចំនួន ១៤នាក់ សរុបចំនួន ១២៩,៩៩០.៦០០រៀល ក្នុងម្នាក់ៗទទួលប្រាក់គោលនយោបាយចាប់ពី ៦.៨៤.៦០០រៀល ដល់ ១១.៧៨៣.១៦០រៀល ទៅតាម
ឋានន្តរស័ក្តិ។

នៅចំពោះមន្រ្តីនគរបាលទាំងអស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានផ្តាំផ្ញើការសួរទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុក្ខគ្រប់ពេលវេលាទៅលើជីវភាពជាប្រចាំរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលតាមមូលដ្ឋាន និងនគរបាលទាំងអស់ ត្រូវត្រៀមគ្រប់ស្ថានភាពដើម្បីចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសនោះគឺរក្សាសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបាននិងកំពុងប្រព្រឹត្តនេះ៕