(ភ្នំពេញ)៖​ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ បានលេីកឡេីងថា​ នៅប្រទេសកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ​ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍។

ការលេីកឡេីងបែបនេះ​ បានធ្វេីឡេីងក្នុងឱកាសដែល​ លោកស្រី ម៉ាន ចិន្តា​ អញ្ញេីញចូលរួមជាអធិបតីភាព​ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ
សម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី​ ដែលរៀបចំធ្វេីឡេីងនៅសណ្ឋាគារភ្នំពេញ​ នាព្រឹកថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ។

លោកស្រី ម៉ាន ចិន្តា​ បានគូសបញ្ជាក់ថា​ «នៅប្រទេសកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ​ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ហើយគ្រប់ទម្រង់នៃអំពើហិង្សាទាំងនេះ អាចកើតឡើងដោយមិនគិតពីកម្រិតនៃប្រាក់ចំណូល កម្រិតវប្បធម៌ និងចំណេះដឹងឡើយ ហើយទម្រង់នៃអំពើហិង្សាលើស្រ្តីដែលកើតឡើង​ ភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ​ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល)​ និងអំពើហិង្សាផ្លូវភេទ»។

លោកស្រីបានលេីកឡេីងថា​ យោងតាមរបាយការណ៍នៃការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញថា៖

*ស្ដ្រី១នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុពី ១៥ - ៤៩ឆ្នាំ បានរាយការណ៍ថា ធ្លាប់រងគ្រោះដោយអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់ម្តងចាប់តាំងពីគាត់មានអាយុ១៥ឆ្នាំហើយ៩ភាគរយ​ បានទទួលរងអំពើហិង្សាលើរាងកាយក្នុងរយៈពេល១២ខែ ចុងក្រោយមុនការធ្វើអង្កេត។

*ស្ដ្រីធ្លាប់រៀបការដែលមានអាយុពី ១៥-៤៩ ចំនួន ៤៩ភាគរយ​បានរាយការណ៍ថា ធ្លាប់ទទួលរងគ្រោះដោយអំពើហិង្សាលើរាងកាយឬផ្លូវភេទពីប្ដីរបស់ខ្លួន។​ ស្ដ្រីប្រហែល២នាក់ ក្នុងចំណោមស្ត្រី៥នាក់បានសុំជំនួយដើម្បីបញ្ឈប់អំពើហិង្សាដែលពួកគេបានរងគ្រោះ ប៉ុន្តែមានតែ២៤ភាគរយប៉ុណ្ណោះ​ ដែលបានស្វែងរកជំនួយពីសេវាផ្លូវការ។

លោកស្រី ម៉ាន ចិន្តា​ បន្ដទៀតថា​ ទន្ទឹមនឹងការទទួលរងអំពើហិង្សាការមាក់ងាយ និងការរើសអើងក្នុងសហគមន៍ស្ត្រី និងក្មេងស្រីនៅបន្តកើតមានការរំលោភបំពានពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលអាចបង្កើននូវហានិភ័យនៃអំពើហិង្សា កើតចេញពីការរាយការណ៍ ស្តីពីអំពើហិង្សាលើស្ត្រី និងមិនបានផ្ដោតទៅលើការគិតពីយេនឌ័រ ហើយក៏មិនបានគោរពទៅលើការរក្សាការសំងាត់របស់ជនរងគ្រោះ។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ បានបន្ថែមថា​ ទោះបីមានក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ដោយ ក៏មិនទាន់មានបទដ្ឋានជាក់លាក់ដើម្បីធានាដល់ការយកចិត្តទុកដាក់ចំពោះយេនឌ័រ ការគោរពនិងរក្សាការ
សំងាត់ នៅពេលមានការរាយការណ៍ពីអំពើហិង្សាលើស្ត្រីនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ជាវិជ្ជមានទៅលើសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហើយក៏ជាបញ្ហាប្រឈមក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ៗ ផ្សេងទៀតផងដែរ ។

ជាមួយគ្នានោះ​ មន្ដ្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី​ បានបញ្ជាក់ផងដែរថា​ ដើម្បីដោះស្រាយបញ្ហាខាងលើ​ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
បានផ្តល់អាទិភាពខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្រ្តី និងអំពើហិង្សាក្នុងគ្រួសារ ដោយបញ្ហាទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល​ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ (NSDP)​ ហើយសូចនាករសំខាន់ៗត្រូវបានដាក់នៅក្នុងឯកសារការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព (CDHS) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(CSDG)​ ជាដើម។

ទន្ទឹមគ្នានោះ​ លោកស្រីក៏បានលេីកឡេីងថា​ ដេីម្បីអនុវត្ដក្រុមប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពេីហិង្សាលេីស្ដ្រីឲ្យបានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព គឺមិនមែនមានតែអង្គភាពផ្សព្វផ្សាយមួយឬពីរប៉ុណ្ណោះទេការងារនេះតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាអនុវត្តប្រកបដោយ
ប្រសិទ្ធភាពខ្ពស់៕