(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» នៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត រស់ ចន្ទ្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីគោលការណ៍ និងវិធានច្បាប់ ដែលមានចែងជាធរមាន ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ងរបស់ទ្រង់។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

ពាក់ព័ន្ធនឹងករណីនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រនេះផងដែរ៕

Advertising