(កំពង់ធំ)៖ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋលើវិស័យកសិកម្ម ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចក្រុមគ្រួសារប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។

ការជំរុញបែបនេះ របស់លោក ម៉ាន សុគ្រី បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹនាំខេត្ត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

លោកបានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោល នយោបាយជាអាទិភាព ការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ទៅលើកំណើនការងារសមធម៌ និងប្រសិទ្ធភាពការកសាងមូលដ្ឋាន ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបង្កើនផលិតភាពពិពិធកម្មដំណាំកសិកម្ម និងកសិធុរកិច្ច តាមរយៈការជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំ ជំរុញការធ្វើដំណាំចម្រុះ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ទាំងការដាំដុះ មើលថែទាំទឹក សត្វល្អិត ការប្រមូលផលវេចខ្ចប់ ស្តុកទឹក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយគុណភាព អនាម័យទើបធ្វើឱ្យផលិតផលរបស់យើងមានទីផ្សារល្អ និងមានតម្លៃខ្ពស់។

លោក ម៉ាន សុគ្រី បានបន្តថា ការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្មត្រូវបានបង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពដោយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលយកចិត្តទុកដាក់លើការបង្ក្រាបបទល្មើសនេសាទ និងការអភិរក្សជំរុញវារីវប្បកម្ម ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ពង្រឹងការគ្រប់គ្រងសហគមន៍នេសាទ ជាពិសេសការបង្កើតទុនអាជីវកម្ម និងការគ្រប់គ្រង ជំរុញការស្រាវជ្រាវផល។ ការលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វត្រូវជំរុញការបង្កើតយកចិត្តទុកដាក់លើការចិញ្ចឹម គោ ជ្រូក មាន់ ទា ជាលក្ខណៈពាណិជ្ជកម្ម របស់កសិករត្រូវគាំទ្រការវិនិយោគឯកជន បង្កើតកសិដ្ឋានចិញ្ចឹមសត្វ ដោយផ្សារភ្ជាប់សហគមន៍ចិញ្ចឹមសត្វ ជាមួយអ្នកប្រមូលទិញសត្តឃាតដ្ឋាន តាមរយៈការផលិតកម្មកសិកម្មតាមកិច្ចសន្យា ត្រូវបង្កើតត្រួតពិនិត្យគុណភាពសាច់ និងការគ្រប់គ្រង ការអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានេះដែរ លោក ម៉ាន សុគ្រី បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវដឹងខ្លួនឯងដោយអនុវត្តតួនាទីភារកិច្ច របស់ខ្លួនត្រូវយល់ឱ្យច្បាស់ ពីការងាររបស់ខ្លួន ព្យាយាមសហការគ្នា ដើម្បីការងារត្រូវបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួនដោយឈរលើឆន្ទះច្បាស់លាស់ និងធ្វើអំពើល្អឱ្យបានច្រើន ដោយមិនមានការឈ្នានីស្តអ្នកដទៃ។

លោកក៏បានផ្តាំផ្ញើដល់ មន្ត្រីទាំងអស់ត្រូវមានការសាមគ្គីភាពឯកភាពផ្ទៃក្នុង មានបញ្ហារួមត្រូវដោះស្រាយនូវបញ្ហា និងចេះចែករំលែកគ្នា ដោយមានភាពអធ្យាស្រ័យ។

លោក កាន់ សាឡន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍អំពីការបង្ក្រាបបទល្មើសជលផលបានចំនួន ៣៣ករណី ដោយរុះរើបំផ្លាញចោល ៣០ករណី និងបញ្ជូនត្រឡប់ទៅតុលាការ៣ករណី។ បទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃឈើ ដែលបានបង្ក្រាបមានចំនួន ១៦៨ករណី បញ្ជូនទៅរដ្ឋបាលព្រៃឈើ ៨៣ករណី និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៨៥ករណី៕