(កំពង់ឆ្នាំង)៖ បន្ទាប់ពីដឹងអំពីការខ្វះខាតចង្ហាន់ ពិសសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ របស់ព្រះសង្ឃគង់នៅវត្តគិរីធម្មរាជ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសហការីបាននាំយក គ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខា និងបច្ច័យទៅកាន់វត្តគិរីធម្មរាជ ដើម្បីជួយសម្រាលការខ្វះខាត របស់ព្រះសង្ឃនៅទីអារាមនេះ។

វត្តគិរីធម្មរាជជាទីអារាម ស្ថិតនៅជើងភ្នំ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្កកំពង់ឆ្នាំង។

យោងតាមព័ត៌មានក្នុងបណ្ដាញសង្គម Facebook ដែលបានបង្ហោះយ៉ាងព្រោងព្រាតអំពី វត្តគិរីធម្មរាជដែលតែងតែជួបការខ្វះខាតចង្ហាន់ ដោយសារមិនមានពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ និងគ្មានវេណកាន់បិណ្ឌនៅតាមទីវត្តអារាមនោះ។ បន្ទាប់ពីទទួលបាព័ត៌មាននេះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារ បរិក្ខាទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តនោះ។

ព្រះអង្គ ហឿន សុវណ្ណរ៉ា ចៅអធិការវត្តវត្តគិរីធម្មរាជ មានទឹកព្រះទ័យរំភើបរីករាយឥតឧបមា ដោយឃើញទឹកចិត្តជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកចូលរួមឧបត្ថម្ភ តាមកម្លាំងសុទ្ធាធ្វើឲ្យព្រះសង្ឃទាំង៣៥អង្គ មានចង្ហានឆាន និងលែងកន្ដោចកន្ដែង ដូចពេលមុនៗទៀត។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឲ្យដឹងថា ដើម្បីការពារ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យបានគង់វង្ស និងកាន់តែទទួលបានការចូលរួមពី ប្រជាពុទ្ធបរិស័ទព្រះសង្ឃគ្រប់អង្គ ត្រូវគោរពប្រតិបត្តិធ៌មន័យ ឲ្យបានខ្ជាប់ខ្ជួន និងត្រូវមានការប្រាស្រ័យទាក់ទងឲ្យបានល្អ ជាមួយប្រជាជនជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ។

លោកស្រីបានបន្ដថា ក្រៅពីសិក្សារៀនសូត្រធ៌មនោះព្រះសង្ឃ ត្រូវចូលរួជាមួយប្រជាជន លើការងារសង្គម ដើម្បីបង្កើនភាពជិតស្និតព្រោះ ព្រះសង្ឃក៏ត្រូវការប្រជាពុទ្ធបរិស័ទ ហើយប្រជាពុទ្ធបរិស័ទក៏ត្រូវការព្រះសសង្ឃ។ ដើម្បីចូលរួមទ្រង់ទ្រងដល់ព្រះសង្ឃ ក្នុងអំឡុងរដូវវស្សា និងរដូវបុណ្យភ្ជុំបិណ្ឌនេះ លោកស្រីបានប្រគេនបច្ច័យចំនួន
៣លានរៀល និងទ័យវត្ថុរួមមាន៖ អង្ករ១០បាវ, ស្ករ២បាវ, ទឹកសុទ្ធ១០កេស, ទឹកក្រូច១០កេស, ទឹកផ្លែឈើ១០កេស, ទឹកដោះ១កេសគោ, មី១០កេស, ត្រីខ១កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ប៉ីចេង៣កញ្ចប់, អំបិល២០គីឡូក្រាម ព្រមទាំងចង្ហាន់ផងដែរ។

ដោយឡែកសម្រាប់វត្តសង្ឃមិត្តតារាម ហៅវត្តថ្លក់ត្របែក លោកស្រីក៏បានប្រគេន បច្ច័យកសាងចំនួន១លាន បច្ច័យកាន់បិណ្ឌចំនួន៩៥ម៉ឺន៥ពាន់រៀល និងទ័យវត្ថុចំនួន
១២មុខព្រមទាំងចង្ហាន់ផងដែរ៕