(ត្បូងឃ្មុំ)៖ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ អាជ្ញាធរ ចាប់ផ្ដើមប្រតិបត្តិការចុះផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាល រដ្ឋបាលស្រុកមេមត់ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋនៅឃុំមេមត់ ស្រុកមេមត់។

បន្ថែមពីនេះ លោក ហាក់ សុខមករា ក៏បានអំពាវនាវដល់បងប្អូនដែលធ្វើដំណើរលើដងផ្លូវទាំងអស់ សូមបើកបរដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងបានគ្រប់វិនាទីទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ លោក ហាក់ សុខមករា និងក្រុមការងារ ក៏បានចែកជូននូវមួកសុវត្ថិភាព ចំនួន១០០មួក ដល់បងប្អូនដែលកំពុងធ្វើដំណើរ ដែលពុំមានឃើញពាក់មួកសុវត្ថិភាពចំនួន១០០នាក់ផងដែរ៕