(វៀតណាម)៖ តបតាមការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម និងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានដឹកនាំគណប្រតិភូ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព» នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃទី១៨ ខែកញ្ញ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក ចំនួន១០, ដៃគូពិភាក្សាចំនួន១០ និងអ្នកសង្កេតការណ៍ចំនួន៦។

កិច្ចប្រជុំនេះក៏បានជ្រើសតាំង លោក ត្រាន់ វ៉ាន់វ៉េ ជាប្រធានសន្និសីទ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាអនុប្រធានសន្និសីទ។

បន្ទាប់ពីបើកសន្និសីទ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមជាអនុប្រធានសន្និសីទ បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១, កិច្ចប្រជុំពិភាក្សាប្រធានប្រតិភូ និងវេទិកាពិភាក្សាប្រធានប្រតិភូជាមួយដៃគូពិភាក្សាផងដែរ៕