(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល ជាតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល ជាមួយ លោកគ្រូ-អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់ម៉ូតូឌ្រីមសង់ស៊េរី ឆ្នាំ២០១៩ ចំនួន២គ្រឿង ជូនដល់សិស្សនិទ្ទេស A ចំនួន២នាក់ និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស B C D និង E។

តាមរយៈបទអន្តរាគមន៍របស់ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ទូទាំងស្រុកខ្សាច់កណ្តាល សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានចំនួនសរុប៧៨៦នាក់ ក្នុងនោះ ស្រីមានចំនួន៤២៧នាក់ ដោយឡែកសិស្ស បានប្រឡងជាប់មានចំនួន៥៩៩នាក់ ស្រីមាន៣៩១នាក់។ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន២នាក់ ស្រី១នាក់ និទ្ទេស B មានចំនួន១៦នាក់ ស្រី១៣នាក់ និទ្ទេស C ចំនួន៥៨នាក់ ស្រី៣២នាក់ និទ្ទេស D ចំនួន១១៨នាក់ ស្រី៦៩នាក់ និងនិទ្ទេស E ចំនួន៤០នាក់ ស្រី២២៤នាក់ ត្រូវជាប្រមាណ៧០.២០ភាគរយ។

លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើអបអរសាទរ ដល់សិស្សជាប់ជ័យលាភីទាំងអស់ និងការសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបាននាំយកអំណោយរបស់លោកអគ្គបណ្ឌិតសភាចារ្យ នូវម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង ប្រគល់ជូនដល់សិស្សទទួលបាននិទ្ទេស A ចំនួន២នាក់ និងថវិកាសរុប ចំនួន២៥,០០០,០០០រៀល ដើម្បីឧបត្ថម្ភសិស្សទទួលជ័យលាភី A B C D E និងលោកគ្រូ-អ្នកគ្រូ ចំនួន៩១នាក់ ដែលអញ្ជើញមកពីវិទ្យាល័យទាំង៤ ក្នុងស្រុកខ្សាច់កណ្តាល។

ទន្ទឹមនេះ លោក កៅ ថាច បានសម្ដែងនូវក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A B C D និង E ឆ្នាំសិក្សា២០១៨-២០១៩ ដែលបានខិតខំរៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ហើយលទ្ធផលដែលក្មួយៗ ជាសិស្សានុសិស្សទទួលបាន នាពេលនេះ មិនមែនគ្រាន់តែជាកិតិ្តយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាកិតិ្តយស សម្រាប់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល និងទូទាំងខេត្តកណ្ដាលផងដែរ។

លោក កៅ ថាច បានគូសបញ្ជាក់ទៀតថា លទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺកើតឡើងដោយការខិតខំ តស៊ូព្យាយាមសិក្សារៀនសូត្ររបស់ក្មួយៗតែម្ដង និងជាពិសេសក្រោមការបង្ហាត់បង្រៀង និងការយកចិត្តទុកដាក់ ពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាកម្លាំងកាយ និងកម្លាំងចិត្ត។

លោក កៅ ថាច បានបន្ថែមទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ ទៅលើវិស័យអប់រំ ជាលទ្ធផលស្រុកខ្សាច់កណ្តាល មានសិស្សានុសិស្ស ដែលជាប់និទ្ទេស A B C D និង E ក្នុងឆ្នាំសិក្សា២០១៨-២០១៩ បានជាប់រហូតដល់៧០.២០% ដែលលទ្ធផលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្អូនៗ និងក្មួយៗបានខិតខំយ៉ាងខ្លាំង ដូចពាក្យស្លោកថា «អ្នកចេះ គឺជាប់»។

លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ របស់លោកក្នងអំឡុងពេល ដែលលោករៀននៅមហាវិទ្យាល័យក្នុងស្រុក និងការបន្តការសិក្សានៅបរទេស ដល់ក្មួយៗ និងបានផ្ដល់អនុសាសន៍ មួយចំនួនផងដែរដល់ក្មួយៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថា៖

* ដើម្បីឆ្ពោះទៅកាន់ការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ថាតើយើងគួរជ្រើសរើសសកលវិទ្យាល័យមួយណា ហើយបន្តលើមុខជំនាញអ្វី ដែលខ្លួនស្រឡាញ់ និងស្របតាមទេពកោសល្យរបស់ខ្លួនឯង ហើយជាពិសេសត្រូវពិនិត្យមើល លើតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគតផងដែរ។

* នៅពេលចូលរៀន នៅមហាវិទ្យាល័យ ត្រូវពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសត្រូវធ្វើកិច្ចការសាលាឲ្យបានច្បាស់លាស់ និងពូកែលើកិច្ចការស្រាវជ្រាវ ។ ជាពិសេស ត្រូវចេះសាកសួរនូវសំនួរផ្សេងៗ មកកាន់ខ្លួនឯង និងស្រាវជ្រាវនូវសំនួរ ទាំងនោះដោយផ្ទាល់។

* ត្រូវពង្រឹងសមត្ថភាពភាសាបរទេសឲ្យបានខ្លាំង ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើនៅពេលរៀនចប់ និងដើម្បីបន្តការសិក្សានៅបរទេស។

* ចង្អុលបង្ហាញពីបច្ចុប្បន្នភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា និងតម្រូវការទីផ្សារនាពេលអនាគត ដើម្បីជាព័ត៌មានសម្រាប់ក្មួយៗ ធ្វើការសម្រេចចិត្តថា ត្រូវរៀនអ្វី ចង់ធ្វើការអ្វី។
* ការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកលលោក ហេតុនេះលោកតម្រូវឲ្យក្មួយៗ តាមឲ្យទាន់ការវិវត្តទាំងនោះ។

* ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យអន្ដរាយដល់សង្គមជាតិ និងក្រុមគ្រួសារ។

* បន្ដចូលរួមថែរក្សាសន្ដិភាព សិ្ថរភាព និងសមិទ្ធផលសង្គម ដែលសម្រេចបានដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

* ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ក្នុងសង្គមជាតិ និងមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា៕