(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារកូនចៅ របស់សពឧបាសក ប៉ា លីប បាននាំយកបច្ច័យចំនួន១០០លានរៀល ដែលបានមកពីការចូលបុណ្យ៧ថ្ងៃ នៃសពឧបាសក ប៉ា លីប ត្រូវជាឪពុក ដើម្បីប្រើប្រាស់ជាថវិកាសប្បុរសធម៌ ប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ជា។

តំណាងគ្រួសារសពឧបាសក បានបញ្ជាក់ថា បច្ច័យជាង១០០លានរៀលនេះ គឺបានមកពីញាតិមិត្តជិតឆ្ងាយ បានចូលបុណ្យសពលោកតា ប៉ា លីប ដែលទទួលមរណភាពកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងជន្មាយុ៩២ឆ្នាំ។

តំណាងគ្រួសារសព បន្ដថា ការសម្រេចចិត្តយកបច្ច័យបុណ្យនេះ ទៅធ្វើសប្បុរសធម៌ ដោយសារក្រុមគ្រួសារទាំងមូល នៃឧបាសក ប៉ា លីប បានមើលឃើញពីកង្វះខាត របស់មន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងបំពេញបេសកកម្ម ជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃយ៉ាងសកម្មបំផុត។ ម៉្យាងទៀត គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនឧបាសក និងញាតិមិត្តទាំងអស់។

មូលហេតុចម្បង នៃការផ្តល់ថវិកាសប្បុរសធម៌នេះ គឺកើតចេញពីបេះដូង និងឆន្ទៈ ក្នុងការរួមចំណែក ជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ជាមួយនឹងបណ្តាសប្បុរសជននានា ក្នុងការចែករំលែកនូវសេចក្តី អាណិតស្រឡាញ់ទារក និងកុមារកម្ពុជា ដែលកំពុងរងគ្រោះដោយសារជំងឺ។

ដោយសារមន្ទីរពេទ្យនេះ កំពុងត្រូវការចំបាច់នូវសម្ភារថវិកា ដើម្បីបន្តការជួយសង្គ្រោះដល់ទារក និងកុមារកម្ពុជា ពីបណ្តាសប្បុរសជនជាតិ និងអន្តរជាតិ ដូច្នេះហើយ ក្នុងនាមជាកូន ជាចៅ និងញាតិមិត្តជិតឆ្ងាយ នៃសពឧបាសក ប៉ា លីប បានសម្រេចចិត្តបរិច្ចាគ នូវបច្ច័យធ្វើជាថវិកាសប្បុរសធម៌នេះ ដើម្បីជួយសម្រួលដល់ការលំបាក ជូនសង្គមជាតិរបស់ខ្លួនតែម្តង៕