(ភ្នំពេញ)៖ អនុវត្ដតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជាមានច្បាប់ប្រកបអាជីវកម្មហើយក៏ដោយ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាដែលបើកសេវាកម្ម Internet លួចបង្កប់នៃការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង Online នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួមពី អភិបាលរងរាជធានីភ្នំពេញ, ស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ស ថេត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង, អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធ ជារូបច្រើនទៀត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយកិច្ចប្រជុំលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ដមអភិបាល បានណែនាំថា ទីតាំងដែលមានបើកសេវាកម្ម Internet បើទោះបីជា មានច្បាប់ប្រកបអាជីវកម្ម ហើយក៏ដោយ បើសិនជារកឃើញថា មានបង្កប់ នៃការលេងល្បែងស៊ីសង Online នឹងចាត់វិធានការតាមផ្លូវច្បាប់ បិទអាជីវកម្ម ហើយនឹងធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្ម»។ អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អ្នកប្រកបអាជីវកម្មណេត កាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសង គឺមានទោសទាំងអ្នកលេង និងម្ចាស់ទីតាំងផងដែរ បើអាជ្ញាធររកឃើញ។

លោក ឃួង ស្រេង បានបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យមានអាជីវកម្មណេត កាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ។

ក្នុងកិច្ចប្រជុំនោះផងដែរ អភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ត្រូវដាក់វេនយាមប្រចាំការ យាមកាមនៅពេលយប់។ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ជាពិសេសឱកាសឈប់សំរាករយៈពេលបីថ្ងៃ ដែលប្រជាពលរដ្ឋត្រឡប់ទៅកាន់ស្រុកកំណើត រឺទៅកាន់ទីរមណីដ្ឋានផ្សេងៗ ត្រូវជួយសំរួលចរាចរណ៍ និងផ្សព្វផ្សាយពីការ ទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេស។

នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន ៣ចំណុចដូចខាងក្រោម៖

១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។

២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕