(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ នៅក្នុងស្លាដកដែលដាក់តាំងលក់នៅក្នុងផ្សារនេះ។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត បានអំពាវនាវដល់ពលរដ្ឋ មុននិងទិញស្លាដក និងទំនិញផ្សេងៗ ត្រូវពិនិត្យមើលការលបរិច្ឆេតឲ្យបានច្បាស់លាស់ ព្រោះកាលណាទិញទំនិញខូច គុណភាពយកទៅប្រគេនដល់ព្រះសង្ឃ និងបរិភោគខ្លួងឯងបណ្តាលឲ្យខូចសុខភាព បង្កជារាករូស ក្អួតចង្អោរផ្សេងៗ ដែលនាំឲ្យខាតបង់វេលា និងថវិការផងដែរ។

លោក ផឹង និល បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

លោក ផឹង និល បានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ២៦គំរូនិងស្លាដក១៥តូប រកឃើញ៧តូបលក់ស្លាដកហួសដឺឡេ ក្នុងផ្សារវាលយន្តនេះ ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ៕