(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យចិនដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា បាននាំគ្នាសម្អាតបរិស្ថានទីក្រុង ដើម្បីចូលរួមជាមួយសង្គម ដែលខ្លួនកំពុងបណ្ដាក់ទុនរកស៊ីនៅកម្ពុជា និងដើម្បីបំផុសឲ្យពលរដ្ឋកម្ពុជា ចូលរួមថែរក្សាបរិស្ថាន ដែលខ្លួនរស់នៅ។

ការចុះសម្អាតបរិស្ថាន របស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ R & F បានធ្វើឡើងនៅមហាវិថីសម្ដេច ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រ ដោយបុគ្គលិកអនាម័យ ក្រុមហ៊ុនបាននាំយកសម្ភារមួយចំនួន រួមមាន៖ កាប់ ជីក ស្មៅ និងរើសថង់ប្លាស្ទិក ចេញពីចឹញ្ចឹមផ្លូវ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមអនុប្រធានផ្នែកទីផ្សារក្រុមហ៊ុន R & F លោក យូ ហ្គ័ងជី បានគូសបញ្ជាក់ថា ក្រុមហ៊ុន បានចូលមកវិនិយោគនៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ។ កន្លងមកក្រុមហ៊ុន ក៏បានសម្អាតទីតាំង ដែលខ្លួនវិនិយោគ ជាបន្តបន្ទាប់ ដូច្នេះនឹងនៅតែបន្តសកម្មភាពរបស់ខ្លួន។

លោក យូ ហ្គ័ងជី បានបន្តទៀតថា សកម្មភាពនេះ ក៏ជាសកម្មភាពគំរូមួយ ដើម្បីបង្ហាញពលរដ្ឋទូទៅ ឲ្យស្រលាញ់ចូលរួមថែរក្សាបរិស្ថាន នៅជុំវិញខ្លួនឲ្យបានស្អាត បើកាលណាបរិស្ថានស្អាត ការរស់នៅល្អ នោះ នឹងធ្វើឲ្យមានសុខភាពល្អ។

លោកបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន ជ្រើសយកទីតាំងផ្លូវ៦០ម៉ែត្រ សម្រាប់ការសំអាតបរិស្ថាន ព្រោះផ្លូវនេះ ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងមានមនុស្សចេញចូលច្រើន ដូច្នេះនៅពេលគេ ជិះកាត់នឹងឃើញភាពស្អាត តែបើសិនជាមិនសម្អាតទេ នៅតែកខ្វក់ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង៕