(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនជនសង្ស័យចំនួន១០នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅ២ករណីផ្សេងគ្នា ដោយមួយករណីនៅក្រុងកំពង់ចាម និងមួយករណីទៀត នៅស្រុកចំការលើ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្រ្កាប នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ និងនៅចំណុចភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការចំនួន០២ករណី ដោយប្រើវិធានញុះញង់ និងវិធានរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការទាំងពីរករណីនេះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៧កញ្ចប់, ទូរស័ព្ទចំនួន០៦គ្រឿង, ម៉ូតូ០៤គ្រឿង, ឧបករណ៍សេពមួយសម្រាប់ និងរថយន្តចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕