(ភ្នំពេញ)៖ អ្វីដែលក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងតែធ្វើបានបំពានច្បាប់និងឆ្លងបន្ទាត់ក្រហម ដែលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីក្រុងឡូវែល រដ្ឋម៉ាឆាឈូសេត សហរដ្ឋអាមេរិក ក្រុម សម រង្ស៊ី និយមដែលដឹកនាំដោយជនក្បត់ជាតិ មូរ សុខហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ ជាមួយវត្តមាន ជូឡុង សូមួរ៉ា ដែលគេដឹងថាជាអ្នកមានអំណាចចាត់ចែងខ្លាំងជាង សម រង្ស៊ី បានចេញសេចក្តីប្រកាស ៥ ចំណុច ពាក់ព័ន្ធនឹងគម្រោងនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។

គេបានដឹងយ៉ាងច្បាស់ហើយថា សម រង្ស៊ី នឹងមិនភ្លើសុខចិត្តចូលមកដើម្បីឱ្យអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាវាយខ្នោះញាត់គុកនោះឡើយ ពីព្រោះជាមនុស្សខ្លាចគុកបំផុត ហើយ សម រង្ស៊ី នឹងប្រើល្បិចកលស្មោគគ្រោកបំផុតរុញឱ្យអ្នកដែលជឿលង់លើខ្លួនទាំងងងឹតងងុលទទួល រងគ្រោះជំនួសខ្លួន ប៉ុន្តែការប្រកាសរបស់ក្រុមក្បត់ជាតិនេះ មានន័យស្មើនឹងការប្រកាសធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ពីលើទឹកដីរដ្ឋអាមេរិក។

យោងតាមខ្លឹមសារនៃសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមខុសច្បាប់នេះបានបង្ហាញយ៉ាងច្បាស់ពីចេតនាទុច្ចរិតនិងប្រកបដោយកលល្បិចដ៏ពិសពុលបំផុតក្នុងការទាញ ប្រទេសកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ស្ដិរភាពនយោបាយ និងការអភិវឌ្ឍឱ្យចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលសាជាថ្មី។

ក្រុមក្បត់ជាតិបានប្រើប្រាស់មធ្យោបាយទឹកប្រាក់ដើម្បីជួលមនុស្សឱ្យស្លាប់ជំនួសខ្លួន និងបានប្រើប្រាស់ទឹកប្រាក់ដើម្បី ផ្តល់ជូន «កម្លាំងផ្តាច់ខ្លួន» ជាដើម។ នេះគឺជាទង្វើបំបែកបំបាក់ជាតិយ៉ាងពិតប្រាកដ។ ការឃោសនាបោកប្រាស់ដោយយកប្រាក់ជានុយរបស់ក្រុមឧទ្ទាមខុសច្បាប់ មិនមែនប្រើត្រឹមតែក្នុងការឃោសនាបោះឆ្នោតនា ពេលកន្លងទៅទេ ប៉ុន្តែពួកគេបានប្រើប្រាស់ក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌របស់គេថែមទៀតផង។ តើពួកគេបានថវិកាមកពីណា? នេះគ្រាន់តែជាសារបោកប្រាស់ប៉ុណ្ណោះ ពួកគេលើកផែនការដូច្នេះដើម្បីគ្រាន់តែជាលេសដើម្បីរៃអង្គាសប្រាក់ ពីពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ នៅ រៀងរាល់ការជួបជុំ ឬការធ្វើបាតុកម្ម សុទ្ធតែមានហិបមូលនិធិទាំងអស់។ តើក្រុមក្បត់ជាតិនេះបានប្រាក់មកពីណា បើគ្រាន់តែការធ្វើដំណើរស្នាក់នៅពេលបច្ចុប្បន្ននេះក៏ដើររៃអង្គាសពីគេដែរនោះ? ឬក្រុមឧទ្ទាម នេះទទួលប្រាក់ពីមូលនិធិភេរវកម្មណាមួយដើម្បីធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា?

ឆ្លងតាមអ្វីដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ និងបរិវារបាននិងកំពុងតែធ្វើ ពួកគេកំពុងតែបង្វិលខួរក្បាលបងប្អូនខ្មែររស់នៅក្រៅស្រុក ក្នុងគោលដៅរៃអង្គាសប្រាក់តែប៉ុណ្ណោះ ដើម្បីចិញ្ចឹមជីវិតនិរទេសរត់ចេញពីគុករបស់ខ្លួន។ ដើម្បីបានប្រាក់ផង និងដើម្បីរកទីតាំងនយោបាយឈរជើងរួមនឹងការបំពេញ មហិច្ឆតាអំណាចឥតអៀនខ្មាសរបស់ខ្លួនផង ក្រុមជនក្បត់ជាតិទាំងនេះ បានខិតខំបំប៉ោងសភាពការណ៍កម្ពុជាខុសពីការពិត មួលបង្កាច់សព្វបែបយ៉ាង និងញុះញង់បង្កចលាចលគ្រប់ពេលវេលានិងកកូរកកាយផ្ទៃក្នុងកម្ពុជា ដើរអង្វរបរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។

ក្រុមជនក្បត់ជាតិមិនបានទទួលស្គាល់ការពិតឡើយថាកម្ពុជាបច្ចុប្បន្នជាកម្ពុជាពោរពេញ ដោយការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%ក្នុងមួយឆ្នាំ បានឈានពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ សាលារៀន ការអភិវឌ្ឍធនធានមនុស្ស ទឹក ភ្លើងគ្រប់ទីកន្លែង ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើយ។ ប៉ុន្តែពួកគេនៅចិញ្ចឹមទំនាស់លើបញ្ហានានាដើម្បីផលប្រយោជន៍នយោបាយ និងព្យាយាមបើកផ្លូវឱ្យមានការ ជ្រៀតជ្រែក របស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ពួកគេបានយកអធិបតេយ្យភាពជាតិកម្ពុជាដែលពលរដ្ឋខ្មែរខិតខំការពារទៅដាក់ក្រោមបាតជើងបរទេស និងបានលត់ជង្គង់អង្វរបរទេសឱ្យជួយក្រុមខ្លួន ដើម្បីបំផ្លិចបំផ្លាញខ្មែរ។

ផែនការបដិវត្តន៍ពណ៌ដែលពួកគេកំពុងតែបន្តអនុវត្តន៍នេះគឺផែនការចាស់ដែលធ្លាប់បរាជ័យយ៉ាង អាម៉ាស នៅអំឡុងឆ្នាំ ២០១៣ ហើយអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌នេះត្រូវបានកម្ទេច ចោលទាំងស្រុង តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិដោយច្បាប់។ ការប៉ុនប៉ងបំផ្លាញដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជាដោយទណ្ឌិត សម រង្ស៊ី នៅក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ តាមរយៈយុទ្ធនាការដេកផ្ទះឈ្នះឯងក៏បរាជ័យយ៉ាងអាម៉ាសព្រោះពលរដ្ឋមិនជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដេកផ្ទះ ប៉ុន្តែបែរជាបានអញ្ជើញទៅបោះឆ្នោតរហូតដល់ ៨៣,២%។ ប៉ុន្តែឥឡូវនេះក្រុមជនក្បត់ជាតិបានព្យាយាមបំផ្លាញសេចក្តីសុខរបស់ជាតិកម្ពុជាជាថ្មីម្តងទៀត តាមរយៈផែនការបដិវត្តន៍ពណ៌រូបភាពនៃ ការផ្លាស់ប្តូរដោយយកលេសនៃការវិលចូលប្រទេសវិញរបស់ សម រង្ស៊ី។ ពួកគេបានខិតខំបំផ្លាញស្ថិរភាពជាតិ និងបំបែកបំបាក់ជាតិ ព្រមទាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឡើងកាន់អំណាចមិនតាមមធ្យោបាយប្រជាធិបតេយ្យតាមរយៈបដិវត្តន៍ពណ៌។

អ្វីដែលក្រុមប្រឆាំងបាននិងកំពុងធ្វើនេះគឺមានន័យស្មើនឹងការប្រកាសរំលាយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងប្រើប្រាស់មធ្យោបាយហិង្សាដើម្បីកាន់កាប់អំណាច។ ដើម្បីសម្ញែញឫក សម រង្ស៊ី បានប្រកាសថានឹងវិលចូលប្រទេសវិញជាមួយមនុស្ស ២ លាននាក់មកដង្ហែរខ្លួន។ តើមានមនុស្សឯណាដល់ ២ លាននាក់មកដង្ហែរ សូមរកឱ្យបានត្រឹមតែ ២០០នាក់សិនចុះ។

ដូច្នេះការបង្កើតផែនការខ្យល់នេះគឺដើម្បីបម្រើមហិច្ឆតាដ៏ឆ្កួតលីលារបស់ខ្លួន ហើយជនក្បត់ជាតិហ៊ានរហូតដល់បំផ្លាញឆ្នាំងបាយពលរដ្ឋ យកជីវិតប្រជាពលរដ្ឋមកធ្វើជាឈ្នាន់នយោបាយអំណាច។ តើមនុស្ស ២ លាននាក់នេះ ធ្វើដំណើរមកតាមមធ្យោបាយអ្វីខ្លះឱ្យពិតប្រាកដ? ជាសេណារីយ៉ូមិនអាច កើតមានឡើង ប៉ុន្តែគ្រាន់តែជាយុទ្ធសាស្ត្រគំរាមខ្យល់។ សម រង្ស៊ី មិនខ្វល់ថានរណាលំបាកវេទនា នរណាជាប់គុក និងនរណាស្លាប់ឡើយ ប៉ុន្តែគោលដៅតែមួយគត់គឺសម្រេចមហិច្ឆតាបំផ្លាញកម្ពុជា និងការលាងគំនុំសងសឹកជូនខ្មោចឪ។ ដាច់ខាត សម រង្ស៊ី នឹងមិនហ៊ានឈានជើងជាន់ដីខ្មែរឡើយ ប៉ុន្តែសម រង្ស៊ី នឹងបញ្ជូនអ្នកហ៊ានស្លាប់ជំនួសខ្លួន ហើយសម រង្ស៊ី និងបក្ខពួកបានត្រៀមរួចហើយនូចជីវិតសកម្មជនខ្មោចបក្សសង្គ្រោះជាតិម្នាក់ ដែលអ្នកហ៊ានស្លាប់ជំនួសខ្លួនពួកគេនឹងត្រៀមបង់តម្លៃ ១០០ដុល្លារប៉ុណ្ណោះ។ សម រង្ស៊ី ពិតជាមនុស្សថោកទាបគ្មានគូផ្ទឹមដែលយកជីវិតរាស្ត្រ មកធ្វើជាល្បែងនយោបាយខ្លួនដូចដែល សម រង្ស៊ី ធ្លាប់យកជីវិត កឹម សុខា មកធ្វើជាល្បែងភ្នាល់ និងត្មិះដៀលការស្លាប់របស់បណ្ឌិត កែម ឡី ថាអត់ប្រយោជន៍។
ប៉ុន្តែនេះគឺជាជំនាញអាជីពរបស់ សម រង្ស៊ី ក្នុងការញុះញង់បង្កចលាចល ហិង្សា ធ្វើអាជីវកម្មលើខ្មោច និងជាមនុស្សអត្តនោម័ត មិនខ្វល់ពីសុខទុក្ខអ្នកដទៃ ធ្វើយ៉ាងណាឱ្យតែមហិច្ឆតារបស់ខ្លួនបានជោគជ័យ។ សម រង្ស៊ី ក៏មិនខ្លាចនឹងញញើតរុញខ្មែរឱ្យសម្លាប់ខ្មែរដែរ ព្រោះមនុស្សនេះមានចរិតដ៏អាក្រក់ និងពោរពេញដោយគំនុំសងសឹក។ គោលបំណងចុងក្រោយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺចង់ឃើញខ្មែរបង្ហូរឈាមខ្មែរសាជាថ្មីម្តងទៀត ទើបក្រុមក្បត់ជាតិនេះខិតខំប្រឹងប្រែងបំផ្លាញជាតិ។

សេចក្តីថ្លែងការដែលក្រុមឧទ្ទាមក្បត់ជាតិដែលដឹកនាំដោយ សម រង្ស៊ី បានប្រកាសឡើងរួមជាមួយសកម្មភាពបំផ្លាញជាតិទាំងឡាយ គឺជាភស្តុតាង និងមូលដ្ឋានគ្រប់គ្រាន់ដើម្បីចោទប្រកាន់ក្រុមក្បត់ជាតិនេះ និងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ បង្ក្រាបក្រុមចលនាក្បត់ជាតិនេះមិនឱ្យរីករាលដាល ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិបាន។ ជីវិតនយោបាយជនក្បត់ជាតិ សម រង្ស៊ី នឹងត្រូវបញ្ចប់ទាំងស្រុងត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទោះបីជាខំប្រឹងត្រដរខ្យល់យ៉ាងណា ហើយសម រង្ស៊ី នឹងស្លាប់ដោយគ្មានសាកសព ប្រសិនបើនៅតែបំពានច្បាប់ និងបន្តបំផ្លាញកម្ពុជា។

ជនចង្រៃជាតិ សម រង្ស៊ី នេះនឹងចុះចាញ់ប្រជាពលរដ្ឋខ្មែរយ៉ាងអាម៉ាស់បំផុត។ ក្រុមសម រង្ស៊ី ក៏ត្រូវដឹងផងដែរថា ខ្លួនកំពុងតែក្លាយជាមនុស្សគ្មានប្រយោជន៍ដោយសារ តែដើរយុទ្ធសាស្ត្រនយោបាយខុសម្តងហើយម្តង ទៀត និងផុងខ្លួនកាន់តែជ្រៅក្នុងការប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា និង ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ នៅពេលនេះ សម រង្ស៊ី កំពុងបាត់បង់តម្លៃសព្វបែបយ៉ាង កឹម សុខា បានឆ្លៀតឱកាសដណ្តើមគ្រប់គ្រងកម្លាំងខ្មោចបក្សសង្គ្រោះជាតិវិញដោយបដិសេធមិនទទួលស្គាល់តួនាទី សម រង្ស៊ីឡើយ។ សម រង្ស៊ី បានបរាជ័យគ្រប់សមរភូមិទាំងអស់ រាប់ទាំងសមរភូមិដណ្តើមខ្មោចបក្សសង្គ្រោះជាតិ! សម រង្ស៊ីជាមេចលនាបដិវត្តន៍ពណ៌ខុសច្បាប់ អ្នកសមគំនិតជាមួយ សម រង្ស៊ីត្រូវប្រឈមមុខច្បាប់ដូចគ្នា។ សម រង្ស៊ីចប់ហើយ! វិលចូលកម្ពុជាវិញនឹងជាប់គុក បើមិនវិលចូល ក៏ជីវិតនយោបាយត្រូវបញ្ចប់ព្រោះគ្មានតម្លៃទៀតឡើយ។

ពលរដ្ឋខ្មែរបានថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ចោរពានវាំង សម រង្ស៊ី បានក្បត់ជាតិ និងក្បត់ព្រះរាជបល្ល័ង្គ ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ។ ជនក្បត់ជាតិតត្រកូល សម រង្ស៊ី ជាមេឃាតកព្យាយាមសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ផែនការដែលដាក់ចុះដោយទណ្ឌិត សម រង្ស៊ី ជាផែនការក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា អ្នកសមគំនិតនឹងត្រូវទទួលទោសតាមច្បាប់។ អ្នកសមគំនិតជាមួយជនក្បត់ជាតិ សម រង្ស៊ី ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

ធម៌ក្តៅត្រូវបានអនុវត្តប្រឆាំងចំពោះក្រុមឧទ្ទាមខុសច្បាប់ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់តាមរយៈផែនការបដិវត្តន៍ពណ៌។ ដីកាចាប់ខ្លួនត្រូវបានបញ្ជូនទៅកាន់ប្រទេសនានាក្នុងចំណោមសមាជិកអាស៊ាន ហើយ ខ្នោះ និងគុកក៏បានរៀបចំរួចរាល់ដើម្បីទទួលអ្នកក្លាហានគង់ហ៊ាន សម រង្ស៊ី វិលចូលគុក!

បណ្តាំចៅចាក់ស្មុកជូនដល់អ្នកដើរតាមការបោកប្រាស់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី! សូមកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះព្រោះពួកគេបោកប្រាស់បងប្អូនទេ ហើយអ្នកដែលរងគ្រោះយកជីវិត ទៅការពារជនក្បត់ជាតិគឺបងប្អូន ហើយអ្នកដែលលំបាកគឺក្រុមគ្រួសារបងប្អូន។ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ ហូរ វ៉ាន់ មិនស្ម័គ្រចូលគុកឡើយ ពួកគេគ្រាន់តែបោកប្រាស់បងប្អូនដើម្បីធ្វើតេស្តកម្លាំង សាកល្បងកម្លាំង និងរៃអង្គាសប្រាក់ពីបងប្អូនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងនេះគឺជាសត្រូវប្រជាជន បំផ្លាញសេចក្តីសុខរបស់យើងទាំងអស់គ្នា បម្រើផលប្រយោជន៍បរទេសតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគោលជំហរច្បាស់ណាស់ថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសន្តិភាព របស់ប្រជាជនមួយប្រទេសឡើយ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩