(ភ្នំពេញ)៖ រូបភាពនៃការបែកបាក់ ការរត់ភៀសខ្លួន ការជម្លៀសចេញពីផ្ទះសំបែងភូមិឋាន និងការតស៊ូច្បាំងជាមួយកាំភ្លើងក្នុងដៃជាច្រើនសន្លឹក អមដោយខ្លឹមសារ ២-៣ឃ្លា រៀបរាប់ពីផលលំបាកដោយសារសង្គ្រាម ត្រូវបានរំលេចឡើងក្នុង Facebook របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

គ្រាន់តែមើលរូបភាពទាំងនេះភ្លាម យើងគិតថា គ្មាននរណាម្នាក់ចង់បាន និងចង់វិលទៅរកស្ថានភាពនេះឡើយ ខណៈបច្ចុប្បន្នម្នាក់ៗកំពុងតែសប្បាយនឹងសន្តិភាព ការអភិវឌ្ឍន៍ ការដើរហើរទេសចរណ៍គ្រប់កន្លែង ការរស់នៅយ៉ាងត្រជាក់ត្រជុំ ការហូបចុកពេញក្រពះ និងសកម្មភាពសប្បាយៗ ជាមួយសង្គមដ៏ស៊ីវិល័យមួយនេះ។

រូបភាពទាំងនេះមនុស្សចាស់ៗ ពិតជានឹកឃើញភ្លាមទៅដល់ដំណាក់កាល និងពេលវេលាទាំងឡាយដែលធ្លាប់ឆ្លងកាត់ការលំបាកយ៉ាងខ្លាំងបំផុត នៅក្នុងសម័យសង្គ្រាម ជាពិសេសនោះ នៅក្នុងរបបប៉ុលពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលជាពេលដ៏យូរណាស់ យូរស្ទើរតែស្លាប់មួយនគរទៅហើយ ដោយសារការសម្លាប់ដ៏ព្រៃផ្សៃ និងរង្គាលរបស់ក្រុមខ្មែរក្រហម។

ដូច្នេះតើមនុស្សចាស់ៗទាំងអស់នោះ ចង់ឲ្យកូនចៅជំនាន់ក្រោយរបស់ខ្លួន ដែលកើតមកភ្លាមឃើញពន្លឺចែងចាំងនៃសន្តិភាព និងការរស់នៅប្រកបដោយសុខសាន្តរកទីបំផុតគ្មាន ទៅទទួលយកស្ថានភាពដូចឋាននរកបែបនេះ? គឺមិនចង់ ហើយក៏មិនចង់ឃើញ និងឮចូលត្រចៀកទៀតឡើយ។

លោក ហ៊ុន ម៉ាណែត ដែលចាប់កំណើតនៅក្នុងសម័យប៉ុលពត និងជាអ្នកចូលរួមបន្តវេនលើកិច្ចរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិមួយរូបផងដែរនោះ ចង់ឲ្យជនរួមជាតិទាំងអស់ ត្រូវចូលរួមថែរក្សា និងការពារឲ្យខាងតែបាននូវសន្តិភាព ដែលយកបានឲ្យលំបាកនេះ។

លោក ហ៊ុន ម៉ាណែត បានរំលេចសារលើ Facebook របស់លោកយ៉ាងដូច្នេះថា «រស់ជាតិ នៃសង្គ្រាម និងការបែកបាក់ជាតិ ដែលប្រជាជនកម្ពុជាមួយចំនួន បានឆ្លងកាត់ផ្ទាល់ និងនៅចងចាំច្បាស់ មួយចំនួនកើតមិនទាន់ និងមួយចំនួនទៀតបានហែលផ្ទាល់ដែរ ប៉ុន្តែហាក់ដូចជាបានភ្លេចទៅហើយ។ ទោះជាយ៉ាងណា សូមកុំឲ្យរូបភាពបែបនេះ កើតមាននៅលើទឹកដីអង្គរ និងចំពោះប្រជាជនខ្មែរ យើងជាថ្មីម្តងទៀតឲ្យសោះ។ សន្តិភាព និងការរួមរួមគ្នា ត្រូវរក្សាឲ្យបានជាដាច់ខាត»

នៅតាមវេទិកាសារធារណៈ និងនៅតាមកិច្ចប្រជុំនានាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិនដែលភ្លេចនូវការបញ្ជូនសារ នៃការឲ្យចូលរួមថែរក្សា និងការពារសន្តិភាពឲ្យបានគង់វង់ និងដាច់ខាត ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ក៏ព្រោះថា មានតែសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលដឹងថា ការទៅយកសន្តិភាពត្រឡប់មកវិញ តើវាលំបាកក្នុងទំហំណា និងតម្លៃណានោះ។ អ្នកដែលមិនបានចូលរួមទាញយកសន្តិភាពជូនជាតិមាតុភូមិមកវិញ គឺអ្នកទាំងនោះហើយ មិនយល់ពីពាក្យសន្តិភាព និងចង់លុបបំបាត់ពាក្យមួយម៉ាត់នេះចេញពីកម្ពុជា៕