(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី៤ នៅវត្តស្វាយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។

ថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនាឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ ក៏បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមថា សន្តិភាព គឺនាំមកអ្វីៗគ្រប់យ៉ាងសម្រាប់យើងទាំងអស់គ្នា ហេតុនេះសូមពុកម៉ែបងប្អូនចូលរួម នឹងថែរក្សាឲ្យបានល្អគង់វង្សនៅសន្តិភាពមួយនេះ ដែលបានកកើតឡើងក្រោមបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនៃយើងគ្រប់ៗគ្នានេះផងដែរ៕