(ភ្នំពេញ)៖ ជម្លោះរវាងអ្នកសិល្បៈជាមួយនឹងយុវជនមួយក្រុម ដែលបានបង្ហោះវីដេអូជេរប្រមាថអ្នកសិល្បៈខ្មែរ និងជាតិសាសន៍ខ្មែរ នៅព្រលានយន្តហោះកូឡាឡាំពួ កន្លងទៅនោះ មិនទាន់ចប់នៅឡើយទេ។

រឿងនេះកាន់តែក្តៅជាងមុនដោយ លោក ហេង ឡុង បានប្រកាសទុកពេលឱ្យតែ២៤ម៉ោងប៉ុណ្ណោះ ឱ្យក្រុមដែលជេរប្រមាថអ្នកសិល្បៈ និងជាតិសាសន៍ខ្មែរនោះសុំទោសជាសាធារណៈ បើមិនដូច្នោះទេលោកនឹងប្រើសិទ្ធិតាមផ្លូវច្បាប់ជាធរមាន។

លោក ហេង ឡុង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជំនួសមុខឲ្យក្រុមសិល្បករសិល្បការិនីដែលរងការប្រមាថ និងពលរដ្ឋខ្មែរដែលប្រឆាំងការប្រមាថលើជាតិសាសន៍ខ្លួនឯង គឺយើងខ្ញុំផ្ដល់ឱកាសដល់ក្រុមដែលជេរប្រមាថជាតិសាសន៍ឯង ឱ្យចេញមុខមកសុំទោសជាសាធារណៈ ក្នុងរយៈពេល២៤ម៉ោង។ បើពុំនោះទេ យើងខ្ញុំនឹងប្រើសិទ្ធិតាមផ្លូវច្បាប់ជាធរមាន ដើម្បីទាមទារមកវិញនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពូជសាសន៍ខ្មែរ និង សិល្បករសិល្បការិនី»។

គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានការចែកចាយជាបន្ដបន្ទាប់នូវវីដេអូនៃការប៉ះពាក្យសម្តីគ្នា រវាងក្រុមអ្នកសិល្បៈដែលដឹកនាំដោយ លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាមួយក្រុមបុគ្គលឈ្មោះ Bun Hoeun Sanh តាំងពីព្រលានយន្ដហោះប្រទេសម៉ាឡេស៊ី រហូតមកដល់ប្រទេសកូរ៉េខាងត្បូង។ ករណីនេះ ក្រុមយុវជននោះ បានថតវីដែអូ ការរាំលេងសប្បាយរបស់ក្រុមអ្នកសីល្បៈនៅព្រលានយន្តហោះម៉ាឡេស៊ី ហើយជេរប្រមាថអ្នកសិល្បៈ និងដៀលត្មេះជាតិសាសន៍ខ្មែរ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហេង ឡុង បានសម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការទៅសមត្ថកិច្ចនៅប្រទេសកូរ៉េ ប្ដឹងអ្នកដែលលួចថតវីដេអូរបស់លោក ដោយគ្មានការអនុញ្ញាត ហើយបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមការងារ។

លោក ហេង ឡុង ក៏បានអះអាងថា លោកបានសម្រេចដាក់ពាក្យបណ្ដឹង ជាផ្លូវការទៅប្ដឹងបុគ្គលដែលប្រើប្រាស់ Facebook ឈ្មោះ Bun Hoeun Sanh និងបក្ខពួក ចំពោះសកម្មភាពនៃការលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត។ លោកបានបន្ថែមថា ទីតាំងដែលលោកបានដាក់ពាក្យប្ដឹងនោះ គឺនៅប៉ុស្ដិ៍ប៉ូលីស Ansan Danwon ស្ថិតក្នុងខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង។

តាមរយៈពាក្យបណ្ដឹងនោះ លោក ហេង ឡុង បានស្នើសុំដល់សមត្ថកិច្ចកូរ៉េ ជួយរកយុត្តិធម៌ជូនលោក និងក្រុមការងារ ពិសេសចំពោះការប្រមាថជាតិសាសន៍ខ្មែរ ពីសំណាក់បុគ្គលឈ្មោះ Bun Hoeun Sanh និងបក្ខពួក៕