(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសរសេរបង្ហោះលើ Facebook ថា នៅថ្ងៃនេះសម្តេចចាប់ផ្តើមហាត់ប្រាណឡើងវិញហើយ បន្ទាប់ពីសម្រាករយៈពេល៧០ថ្ងៃ ដោយសារគ្រេចស្មា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទីមួយបានហាត់ប្រាណឡើងវិញ បន្ទាប់ពី៧០ថ្ងៃមិនបានហាត់ ដោយសារគ្រេចស្មារ។ រត់លើម៉ាស៊ីន៣០នាទី ធាក់កង់៦៥នាទី ដុតកាលឡូរី៥៦០ បែកញើសគ្រប់គ្រាន់ល្មម។ កីឡាវាយកូនគោលរង់ចាំ រដូវប្រាំងងាយស្រួលលេងជាងរដូវវស្សា។ ផ្តាំទៅគូប្រកួតសូមឆ្លៀតហ្វឹកហាត់ឱ្យស្ទាត់ជំនាញ កុំឲ្យចាញ់ដូចមុនៗទៀត អាក្រក់មើលណាស់»

សូមជម្រាបថា ការគ្រេចស្មារបស់សម្តេចតេជោគឺដោយសារតែការធ្វើលំហាត់ប្រាណដោយជិះកង់ ហើយក៏បានដួលកង់លើស្មៅ ទើបគ្រេចស្មាតែម្តង ដូច្នេះទើបគ្រូពេទ្យ សម្រេចឲ្យសម្តេចសម្រាកពីហាត់ប្រាណមួយរយៈ ទើបតែអនុញ្ញាតឲ្យធ្វើលំហាត់ប្រាណបានវិញនៅថ្ងៃនេះ៕