(ភ្នំពេញ)៖ ក្រសួងបិរស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ក្រសួង និងរដ្ឋបាលខេត្តបាត់ដំបង កំពុងចាត់វិធានការ ចំពោះជនរៀបចំឡូតិ៍តំបន់ អភិវឌ្ឍ ឡុង វុទ្ធី ទំហំផ្ទៃដីជិត ៥ហិកតា តាមបញ្ញត្តិច្បាប់ នៃកម្ពុជាជាធរមាន និងអំពាវនាវដល់សាធារណជនកុំចូលរួមទិញ។

ការចេញមកប្រកាសស្វែងរកជនរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី មកចាត់វិធានការតាមច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានជនខិលខូច បានទន្ទ្រានកាន់កាប់ខុសច្បាប់ដី មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើបា្រស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា «ក្រសួងបរិស្ថាន និងរដ្ឋបាលសាលាខេត្តបាត់ដំបង កំពុងចាត់វិធានការ ចំពោះជនរៀបចំឡូតិ៍តំបន់អភិវឌ្ឍ ឡុង វុទ្ធី ទំហំផ្ទៃដីសរុប ៤៩,៦០០ម៉ែត្រការ៉េ តាមបញ្ញត្តិច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន និងសូមអំពាវនាវ ដល់សាធារណជនកុំចូលរួមទិញ ឬទទួលយកចំណែកដីឡូតិ៍ខាងលើនេះជាដាច់ខាត»

សូមជម្រាបថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចឋិតនៅក្រោមការកាន់កាប់ ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋ នៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕