(សៀមរាប)៖ បន្ទាប់ពីបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) នាថ្ងៃទី១៧ ខែកញ្ញានេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីឆ្នាំ២០១៧ និងបន្តពិភាក្សាគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយនឹងចាត់មន្ដ្រីបច្ចេកទេស ធ្វើការប្រជុំពិភាក្សាកំណត់នីតិវិធី ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ
និងបង្ហាញនូវគោលបំណង ក្នុងការផ្លាស់ប្ដូរកម្លាំងពលកម្មទៅវិញទៅមក លើវិស័យនានាដែលមានកង្វះខាតកម្លាំងពលកម្ម ជាពិសេសនៅតំបន់ព្រំដែន។

ភាគីជំនួបបានប្ដេជ្ញាចិត្ត សហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យក៏ដូចជាការពារ និងលើកកម្ពស់សិទ្ធិពលករនៃប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈទៀតផង។

ភាគីទាំងពីរបានរំលឹកឡើងវិញ អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា វៀតណាម និងឡាវ ក្នុងការសាមគ្គីតស៊ូដើម្បីសន្ដិភាព ព្រមទាំងបានសម្ដែងការពេញចិត្តលទ្ធផល ចំពោះកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃប្រទេស CLMTV និងបានប្ដេជ្ញាចិត្តក្នុងការខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាព៕