(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ការពារទឹកដី ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនឲ្យបានល្អ។

ការតាស់តឿននេះ បានធ្វើឡើង ខណៈលោកអភិបាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ និងប្រតិភូអមដំណើរ បានដឹកនាំអំណោយសម្ព័ន្ធមេត្រីភាពយកចែកជូនកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៩ នៅស្រុកកំរៀង និង៨១៧ នៅស្រុកសំពៅលូន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌនេះ។

លោក ងួន រតនៈ បានថ្លែងថា ជារៀងរាល់ឆ្នាំ ដើម្បីរឹតចំណងសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ និងក្នុងនាមសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលខេត្ត និងកងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៩ នៅស្រុកកំរៀង និង៨១៧ នៅស្រុកសំពៅលូន លោកបានដឹកនាំប្រភូចុះសួរសុខទុក្ខ និងយកអំណោយជាស្បៀង សំភារៈ និងថវិកាទៅចែកជូនកងកម្លាំង នគរបាលដែលកំពុងឈរជើងនៅស្រុកជាយដែនទាំង២ កម្ពុជា-ថៃ ជាការលើកទឹកចិត្តដល់កងកម្លាំង ដែលបានលះបង់ពេលវេលានៅឆ្ងាយពីគ្រួសារដើម្បីបំពេញការតព្វកិច្ចការពារទឹកដី។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ គឺបានមកពីការចូលរួមរបស់សប្បរសជននានាជាមួយរដ្ឋបាលខេត្ត និងជាវប្បធម៌មួយនៃការចែករំលែក ជួយគ្នាទៅវិញទៅមកដើម្បីបុព្វហេតុជាតិមាតុភូមិមានសុខសន្តិភាព និងការអភិវឌ្ឍន៍។

មេបញ្ជាការ មេបញ្ជាការរង និងពលនគរបាលវរសេតូចការពារព្រំដែនគោកទាំង២ ស្រុកជាយដែន បានថ្លែងអំណរគុណដល់ប្រតិភូសម្ព័ន្ធមេត្រីភាព ដែលតែងតែបាននាំអំណោយយកមកចែកជូន កងកម្លាំងយើងរាល់ពេលបុណ្យទាន៕