(កណ្តាល)៖ នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងការមហាផ្ទៃ បានលើកឡើងថា កងកម្លាំងនគរបាលការពារព្រំដែន មានកាតព្វកិច្ចសំខាន់ណាស់ គឺជាកម្លាំងស្នូលក្នុងការថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនរវាងប្រទេសជិតខាង។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងពិធីចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំង នគរបាលការពារព្រំដែនទិសភូមិភាគទី៣ នៅវរសនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្កណ្តាល។

ថ្លែងទៅកាន់កងកម្លាំងនគរបាលវរៈការពារព្រំដែនគោក៦០៥ នៅតាមខ្សែបន្ទាត់ព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងខេត្តកណ្តាល នាយឧត្តមសេនីយ៍ សំ រិទ្ធឌី បានលើកឡើងថា គ្រប់ប៉ុស្តិ៍ និងកងវរៈសេនាតូចនគរបាលការពារព្រំដែន ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើការត្រួតពិនិត្យច្រកទ្វារព្រំដែន អនុវត្តកិច្ចការពារប្រកបដោយភាពម៉ឺងម៉ាត់ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យទាន់សភាពការណ៍ ក្នុងដំណាក់កាលថ្មី ដោយហ្វឹកហ្វឺនជាប្រចាំ ពង្រឹងសមត្ថភាពសំដៅកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសេចក្តីសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ និងការពារបង្គោលព្រំដែន ខ្សែបន្ទាត់ព្រំដែនមិនឲ្យមានការបាត់បង់ ពិសេសគឺមានតួនាទីទប់ស្កាត់បទល្មើសឧក្រិដ្ឋ ដូចជា៖ អំពើភារវកម្ម ការជួញដូរគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការគេចពន្ធគយ និងបទល្មើសនានាជាច្រើនទៀតផងដែរ។

លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានធ្វើរបាយការណ៍ជូនប្រតិភូអំពីស្ថានភាពទូទៅនៅក្នុងខេត្ត ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារបោះបង្គោលព្រំដែន និងកិច្ចសហប្រតិបត្តិការរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាននិងកំពុងដំណើរការទៅយ៉ាងរលូន និងល្អប្រសើរ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី ក៏បាននាំយកអំណោយជាថវិការ គ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកជូនដល់កងវរសនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ផងដែរ៕