(ព្រះវិហារ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា រដូវដាក់បិណ្ឌផងនោះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារក្រាំងដូង និងតាមផ្ទះលក់ទំនិញនានា ក្នុងភូមិក្រាំងដូង-អន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានរកឃើញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖ ទឹកក្រូច ចំនួន ៨៨ដប, ទឹកផ្លែឈើ ចំនួន ១៦៤ដប, ប័រ ចំនួន ១៤កំប៉ុង, មីកញ្ចប់ ចំនួន ៩៦កញ្ចប់, ស្ករគ្រាប់ចម្រុះ ចំនួន ០១កេសធំ, នំធុង ចំនួន ០២ធុង, ដំណាប់ដូង ចំនួន ១០កេស។ ក្រុមការងារបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតចោលភ្លាមៗផងដែរ។

លោកប្រធានសាខា ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាចៀសវាង បង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕