(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាវត្តអារាមទាំង២៣ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់បញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

លោកអភិបាលខណ្ឌ បានណែនាំដល់ចៅសង្កាត់ ដែលជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ មេប៉ុស្តិ៍ មេភូមិ ឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេស តាមបណ្តាវត្តអារាមក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកធ្វើពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅទីវត្តអារាមតាមប្រពៃណីព្រះពុទ្ធសាសនា។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ណែនាំឲ្យប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី-ខេត្ត ចាត់មន្ត្រីក្នុងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានគ្រប់ថ្នាក់ចូលរួមពិធីបុណ្យកាន់បណ្ឌិ និងភ្ជុំបិណ្ឌ នៅគ្រប់វត្តទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ស្របពេលដែលក្រុមការងារថ្នាក់ជាតិ ចាប់ដំណើរការចុះធ្វើវេទិកាសាធារណៈ និងចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមប្រធានក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត មេត្តាចាត់ចែងលើកទឹកចិត្ត ដល់គ្រប់សមាសភាពនៃក្រុមកាងារថ្នាក់ជាតិគ្រប់ថ្នាក់ ដោយសហការជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកជាមួយប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ ឲ្យបានអធិកអធមគ្រប់ៗគ្នា តាមសទ្ធាជ្រះថ្លា និងអនុមោទនាទទួលមគ្គផល បុណ្យកុសល ឧទ្ទិសជូនដល់បុព្វការីជន ដើម្បីសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា នៅគ្រប់វត្តទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យនេះ សូមឲ្យក្រុមការងារជួយផ្សព្វផ្សាយ ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ»

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិរបស់កម្ពុជា នៅឆ្នាំនេះចាប់ផ្តើមពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៩៕