(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា កំពុងធ្វើការពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំរក្សាទុក អតីតភាពការងារជូនពលករកម្ពុជា ដែលធ្វើការនៅទីនោះ ពេលមកធ្វើការនៅប្រទេសកម្ពុជាវិញ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាសព្វថ្ងៃ កំពុងតែអនុវត្ដការផ្ទេរ ឲ្យកម្មករទទួលបាននៅអត្ថប្រយោជន៍អំពីការគាំពារសង្គម បន្ទាប់ពីពេលចូលនិវត្តនៅក្នុងប្រទេស ឲ្យមានរបៀបធ្វើ តាមរបៀបថា ធ្វើការនៅរោងចក្រមួយ គឺត្រូវមានសៀវភៅការងារ»

សម្ដេចតេជោ បានលើកឡើងថា នៅពេលដែលធ្វើការនៅរោងចក្រមួយ បានរយៈពេល៥ឆ្នាំ រួមមករោងចក្រនោះក៏ត្រូវបានបិទ ហើយត្រូវផ្ទេរការងារទៅធ្វើការ នៅរោងចក្រមួយកន្លែងទៀត ដូច្នេះគេមិនគិតពី១ថ្ងៃទេ គឺគេគិតពី៥ឆ្នាំ១ថ្ងៃឡើងទៅ ហើយសៀវភៅការងារ ត្រូវដាក់ជាប់នឹងខ្លួនជានិច្ច ដើម្បីទទួលនូវអត្ថប្រយោជន៍ អំពីប្រាក់សោធននិវត្ដ នៅពេលបញ្ចប់ពីការងារ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា «យើងចង់រួមជាមួយដៃគូរបស់យើង ហើយយើងមានកិច្ចព្រមព្រៀងមួយចំនួន រួចជាស្រេចទៅហើយ ដែលធ្វើការជាមួយនឹងខាងក្រៅដូចជា ថៃ ដែលយើងបានធ្វើរឿងនេះ និងកំពុងចរចារគ្នា ដែលត្រូវធ្វើការចរចារជាមួយគ្នា»។ សម្ដេចតេជោ បន្ថែមថា «បើយើងធ្វើដូចនេះបាន ពាក្យដែលថា ជោគវាសនារួមអាស៊ានមួយជាសហគមន៍ ដែលមានជោគវាសនារួម គឺនឹងទទួលបានផលប្រយោជន៍ដល់ប្រជាជន»

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ចំណុចអស់ទាំងនេះ គឺសុទ្ធតែជាចំណុចដែលទាក់ទងជាមួយនឹងបញ្ហា ផលប្រយោជន៍សេដ្ឋកិច្ច ចំពោះមុខនៃប្រទេសនីមួយៗ ប៉ុន្ដែយើងក៏ត្រូវគិត ទៅដល់ផលប្រយោជន៍យូរអង្វែង របស់ប្រជាពលរដ្ឋរបស់យើងផងដែរ។

សម្ដេចតេជោបន្ដទៀតថា បើយើងមានជំហរួមគ្នា នៅក្នុងក្របខណ្ឌប្រទេសទាំង៥នេះ យើងអាចយកបញ្ហានេះ ទៅជជែកគ្នាទៀត នៅក្នុងអាស៊ាន ដើម្បីបង្កើតឡើងនូវស្ថានភាពតំណរតគ្នា ដែលអាចធ្វើការនៅប្រទេសមួយ ប៉ុន្ដែមកចូលនិវត្ដនៅក្នុងប្រទេសមួយទៀត ទទួលបាននូវប្រាក់កម្រៃ៕