(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងទ័ពជើងគោក រួមកម្លាំងសាមគ្គី ការពារសន្តិភាព តស៊ូប្រឆាំងអំពើក្បត់ជាតិ ក្រោមរូបភាពបដិវត្តន៍ពណ៌ និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

ការអំពាវនាវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីចុះសំណេះសំណាល និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបម្រើការនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌធំ ដែលនឹងចូលមកដល់នៅចុងខែនេះ។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន និងពលទាហានទាំងអស់ និងបានរម្លឹកអំពីសាវតានៃការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោក ក្នុងគោលបំណងលើកទឹកចិត្ត និងទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព នៅសមរភូមិជួរមុខ ដើម្បីការពារជាតិ និងថែរក្សាទឹកដីឱ្យបានគង់វង្ស។

លោករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៉ី និងបក្សពួក ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការមួលបង្កាច់ លាបពណ៌ បង្កចលាចល និងអស្ថិរភាពឥតឈប់ឈរ រហូតធ្វើឱ្យមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន ស្នើដល់តុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរលើទណ្ឌិតរូបនេះ។

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ «ប្រជាជនយើង មានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា និងចូលរួមពិធីបុណ្យផ្សេងៗ ដោយទឹកចិត្តជ្រះថ្លា និងសោមនស្សរីករាយ ដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ដែលជាសមិទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»

ទន្ទឹមគ្នានោះ ដើម្បីលើកទឹកចិត្ត និងចូលរួមដោះស្រាយជីវភាព នាយទាហាន និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខ លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយ ជាកូនឈើក្រញូង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ និងឧបត្ថម្ភជូនកងទ័ពចំនួន ៥៥២នាក់ (ក្នុងម្នាក់ទទួលបាន៤ម៉ឹនរៀល) និងបានអញ្ជើញចូលរួមពិធីក្រុងពាលី បញ្ចុះការដ្ឋានសាងសង់អគារគិលានដ្ឋាន (មន្ទីរពេទ្យ) ចំនួន១ខ្នង ដើម្បីទុកជាចំណងដៃ ដល់បញ្ជាការដ្ឋានកាំភ្លើងធំផងដែរ៕