(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យអ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញកីឡា ទូទាំងខេត្តបន្ទាយមានជ័យ បន្តផ្សព្វផ្សាយការប៉ះពាល់ និងប្រឆាំងការប្រើប្រាស់សារធាតុ «ដូប៉ា» ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងឈានទៅមិនប្រើប្រាស់នូវសារធាតុដូប៉ា ក្នុងវិស័យកីឡា (Clean Sport) នៅកម្ពុជា។

ការជំរុញបែបនេះរបស់លោក ស សុខា បានធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី «ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា» ជូនដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកពាក់ព័ន្ធ នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់២០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះដែរលោក ស សុខា បានថ្លែងថា សិក្ខាសាលានេះ គឺជាផែនការយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេមកម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញា អន្តរជាតិស្តីពី «ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា» ក្នុងវិស័យកីឡា ដើម្បីចូលរួមអនុវត្ត អនុសញ្ញានេះ ទាមទារឱ្យមានការចូលរួមរួមពីលោក លោកស្រីទាំងអស់ ដែលជាភាគីពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ អប់រំណែនាំ ក្នុងការហ្វឹកហ្វឺន ការប្រកួតកីឡាក្នុង និងក្រៅសាលារៀន ដោយចៀសវាងមិនប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា ពីព្រោះការប្រើប្រាស់ សារធាតុដូប៉ា អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់គោលការណ៍ក្រមសីលធម៌ តម្លៃអប់រំ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអន្តរជាតិ ហើយគុណផលដែលទទួលបាន គឺជាក្លែងបន្លំបោកប្រាស់ផ្ទុយពី គោលការណ៍ Fair play និងបទបញ្ជានៃការប្រកួតអន្តរជាតិ។

ទន្ទឹមនឹងនេះដែរលោក ស សុខា ក៏បានថ្លែងការកោតសរសើរ ចំពោះការងារអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ ទទួលបានសិស្សជាប់និទ្ទេស A រហូតទៅដល់២៥នាក់ មានការកើនឡើងជាងឆ្នាំ២០១៨ ពោលគឺមានតែ១៣នាក់។

បើតាមលោក ឈូ ប៊ុន រឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍ពីសង្ខេបពីការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងសរុបចំនួន៧ (មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម) ពោល គឺមានការកើនឡើងកើន១មណ្ឌល មាន១៩៨បន្ទប់ (ឆ្នាំ២០១៨ មាន១៧៤បន្ទប់)។

បេក្ខជនមានឈ្មោះក្នុងបញ្ជីចំនួន ៤៩២០នាក់ ស្រី២៥៩១នាក់, បេក្ខជនមកប្រឡងចំនួន៤៨៥១នាក់ ស្រី២៥៦៣នាក់ និងបានប្រឡងជាប់ចំនួន ២៦៨៤នាក់ ស្រី១៥៤៦នាក់ (ត្រូវជា៥៥.៣៣% ក្នុងនោះស្រី៦០.៣២%) ក្នុងនោះ សិស្សជាប់និទ្ទេស A មាមចំនួន២៥នាក ស្រី១៥នាក់, និទ្ទេស B ចំនួន១០១នាក់ ស្រី៦១នាក់, និទ្ទេស C ចំនួន២១៥នាក់ ស្រី១២៤នាក់, និទ្ទេស Dចំនួន ៤១៨នាក់ ស្រី២៣៦នាក់ និងនិទ្ទេស E ចំនួន១៩២៥នាក់ ស្រី១១១០នាក់។

ប្រធានមន្ទីអប់រំ ក៏បានបញ្ជាក់ថា ចំពោះលទ្ធផលលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ធៀបនឹងឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់កើនឡើង ចំនួន៤៣៣នាក់ ស្រី៣៤៣នាក់ ត្រូវជា១.៩៩% ស្រី ៤.៥% បេក្ខជននិទ្ទេស A កើនឡើងពោល គឺឆ្នាំ២០១៨ ចំនួន១៣នាក់ ឆ្នាំ២០១៩នេះ មានចំនួន២៥នាក់៕