(ប៉ៃលិន)៖ បន្ទាប់ពីភ្លៀងធ្លាក់នៅផ្នែកខាងលើខ្លាំង នៅរសៀលថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពនិត្យមើលស្ថានភាព ទឹកនៅតាមដងស្ទឹងប៉ៃលិន ដើម្បីត្រៀមលក្ខណៈជាមុន ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាល ទឹកស្ទឹងប៉ៃលិន មានសភាពឡើងខុសប្រក្រតី។ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធត្រូវត្រៀមលក្ខណៈជាមុន ដើម្បីងាយស្រួលក្នុងការ រំដោះទឹកចេញ និងជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ។

លោកអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវ សិក្សារកទីតាំងរំដោះទឹកចេញបើសិនជាមានជំនន់ ទឹកភ្លៀងកើតឡើង ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

សូមរំលឹកថា កាលពីឆ្នាំ២០១៣កន្លងទៅ ខេត្តប៉ៃលិន បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធរ ដែលបណ្តាលឱ្យលេចលង់ផ្ទះប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅផ្នែកខាងក្រោម រាប់រយគ្រួសារ៕