(ពោធិ៍សាត់)៖ គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន គណៈអភិបាលខេត្ត រួមទាំងសហការី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

សពលោក ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងគេហដ្ឋាន លេខ១៤៧ ស្ថិតភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក ម៉ៅ ធនិន បានចាត់ទុកមរណភាពរបស់លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»